សហព័ន្ធបាល់ទាត់អ៊ីតាលីបានតែងតាំងអតីតគ្រូបង្វឹក Napoli លោក Luciano Spalletti ជាអ្នកចាត់ការថ្មីរបស់ពួកគេបន្ទាប់ពីការចាកចេញរបស់លោក Roberto Mancini ។ លោក Spalletti អាយុ៦៤ឆ្នាំបានចាកចេញពី Napoli នៅរដូវក្តៅបន្ទាប់ពីដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។
គាត់មានគម្រោងមិនដឹកនាំលេងកីឡាបាល់ទាត់រយៈពេលមួយឆ្នាំ ប៉ុន្តែឥឡូវបានសម្រេចចិត្តវិលមកកាន់បាល់ទាត់វិញយ៉ាងឆាប់រហ័ស។ អតីតអ្នកចាត់ការ Manchester City លោក Mancini អាយុ៥៨ឆ្នាំបានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលីកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ។
គាត់បានដឹកនាំក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ ហើយបានដឹកនាំពួកគេឱ្យទទួលជ័យជម្នះនៅ Euro 2020 នៅពេលដែលពួកគេបានផ្តួលក្រុមអង់គ្លេសដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានWembley។ យ៉ាងណាមិញ អ៊ីតាលីបានបរាជ័យក្នុងការចូលទៅលេង World Cup កាលពីឆ្នាំមុន។
សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសថា លោក Spalletti នឹងទទួលបន្ទុកចាប់ពីថ្ងៃទី១ ខែកញ្ញា។ ប្រធាន FIGC លោក Gabriele Gravina បាននិយាយថា “ក្រុមជម្រើសជាតិត្រូវការគ្រូបង្វឹកដ៏អស្ចារ្យ ហើយខ្ញុំរីករាយណាស់ដែលគាត់បានទទួលយក។ ភាពសាទរ និងជំនាញរបស់គាត់នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បញ្ហាប្រឈមដែលរង់ចាំប្រទេសអ៊ីតាលីក្នុងប៉ុន្មានខែខាងមុខនេះ”។
លោក Spalletti មានអាជីពជាអ្នកគ្រប់គ្រងជាយូរមកហើយ ដោយក៏ធ្លាប់ទទួលបន្ទុកនៅ Roma, Inter Milan និងរយៈពេល៥ឆ្នាំជាមួយក្លិបនៅលីកកំពូលរុស្ស៊ី Zenit St Petersburg ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)