ភ្នំពេញ៖ យោងតាមការបកស្រាយបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅក្នុងសេចក្ដីបកស្រាយបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមច្រានចោលចំពោះការចុះផ្សាយរបស់សារ ព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយ ពីស្ថានទូតខ្មែរ” នៅលើបណ្ដាញ Facebook នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ការចុះផ្សាយនេះពុំមាន មូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិត ដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុង បំណងបង្កការញុះញង់ឲ្យបងប្អូនខ្មែរ ជាពិសេស កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅ ប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូត ថាមិនអើពើជួយដោះស្រាយបញ្ហាមួលបង្កាច់ខាងលើ របស់សារព័ត៌មានគ្មានវិជ្ជាជីវៈ និងគ្មានក្រមសីលធ៌មសារព័ត៌មានសុទ្ធសាធ។
ស្ថានទូតសូមជម្រាបជូនថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុង ប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិ អត់ការងារធ្វើ ដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុស ច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែង ការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។ ការរត់ចេញពីកន្លែងធ្វើការ ពុំ មែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង-ស្ថាប័នជប៉ុន ហើយបានស្នើ សុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួន។
ចំពោះការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី ស្ថានទូតតែងសហការជាមួយ សមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបញ្ចូនខ្មែរ ដោយបានរៀបចំកម្មវិធីចុះប្រឹក្សាយោបល់ និងណែនាំដល់កម្មសិក្សាការីឱ្យបានជ្រួតជ្រាបពីផលវិបាកនៃការរត់ចេញពីកន្លែងធ្វើការ និងយន្តការផ្តល់ សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញខ្មែរ តាមរយៈកិច្ចសហការជាមួយភាគីពាក់ ព័ន្ធ រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនបញ្ជូនខ្មែរ សមាគមគ្រប់គ្រង និងក្រុម ហ៊ុនជប៉ុន ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពជប៉ុន ក្រសួងយុត្តិធម៌ជប៉ុន និងអង្គការគ្រប់គ្រង កម្មសិក្សាការីបច្ចេកទេស (OTIT) ដើម្បីដោះស្រាយបញ្ហាការងារ និងការរស់នៅឱ្យបានឆាប់រហ័ស និងទទួល បានជោគជ័យ ព្រមជាមួយនឹងនីតិវិធីនៃការដាក់ពាក្យស្នើសុំអន្តរាគមន៍។
ចំពោះអំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមកនោះ គឺការលួចកាត់ខ្សែភ្លើងប្រើពន្លឺថ្ងៃ (Solar) ពុំមែនខ្សែភ្លើង ធ្វើឱ្យស្ថានីយ៍រថភ្លើងលែងដំណើរការនោះទេដែលការលួចកាត់ខ្សែភ្លើងនេះ មាន ការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះទេ និងក៏ពុំមែនមានតែអតីតកម្ម សិក្សាការីខ្មែរនោះដែរ។
សហជីពដែលបានផ្ដល់ព័ត៌មានដល់សារព័ត៌មាន The Cambodia Daily ពុំមែនជាសហជីពទទួល បន្ទុកការពារសិទ្ធិពលករខ្មែរ ដូចដែលបានអះអាងនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្ម សិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនរបស់ខ្លួន ដោយពុំពិភាក្សា ឬផ្សះផ្សាជាមុន ជាពិសេសពុំដែលទំនាក់ ទំនងមកស្ថានទូតទេ។
ដោយឡែកករណីធ្វើអត្តឃាតរបស់កម្មសិក្សាការីក្នុងឆ្នាំ ២០២២ មិនមែនដោយសារការរងសម្ពាធ ការងារខ្លាំង ទើបគេរត់ចេញនោះទេ គឺជាការចាញ់បោក រត់តាមមេខ្យល់ទៅធ្វើការខុសច្បាប់។ មុនពេលធ្វើ អត្តឃាតជនរងគ្រោះបានប្រឹក្សាយោបល់ជាមួយបុគ្គលិកមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់កម្មសិក្សាការី បរទេសរបស់អង្គការ OTIT និងទំនាក់ទំនងក្រុមហ៊ុន ដែលធ្លាប់ធ្វើការ ដើម្បីស្នើសុំអនុញ្ញាតចូលធ្វើការវិញ បន្ទាប់ពីបានរត់តាមមេខ្យល់ប្រមាណមួយសប្ដាហ៍។ តំណាងក្រុមហ៊ុនបានទទួលពាក្យស្នើសុំទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រោងឯកភាពទទួលចូលធ្វើការវិញ ក៏ប៉ុន្តែជាអកុសល ជនរងគ្រោះបានធ្វើ អត្តឃាតបាត់ទៅហើយ។ ក្រុមការងារស្ថានទូតបានចូលរួមកម្មវិធីបូជាសព និងយកថវិកាចូលបុណ្យសព ក៏ ដូចជាសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនជប៉ុន ចាត់ចែងបុណ្យសព និងបញ្ចូនធាតុទៅប្រទេសខ្មែរ តាមសំណូមពររបស់គ្រួសារសព។
ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលករខ្មែរនោះ ជាព័ត៌មានមួលបង្កាច់ខុសពី ការពិតទាំងស្រុង។ ជាក់ស្តែង ស្ថានទូត ក៏ដូចជាមន្ត្រីស្ថានទូត តែងតែខិតខំ យកចិត្តទុកដាក់ជានិច្ចលើ សុខទុក្ខរបស់សិក្ខាកាម និងពលករជំនាញ ព្រមទាំង រាល់ពេលតំណាងស្ថានទូតចុះជួបពួកគេ នៅតាម ក្រុមហ៊ុនដែលពួកគេធ្វើការ ស្ថានទូតតែងបានផ្សព្វផ្សាយ និងណែនាំពួកគាត់បានយល់ដឹងពីការគោរពគ្រប់ ច្បាប់ជប៉ុន ការចៀសវាងនូវការជឿតាមការបោកប្រាស់របស់ពួកមេខ្យល់ ការខិតខំរៀនសូត្រដើម្បីបទ ពិសោធន៍និងអនាគតរុងរឿងរបស់ពួកគាត់។ល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្ត មកលើយន្តការផ្តល់សេវាគាំពារ និងទ្រទ្រង់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្នើសុំសារព័ត៌មាន The Cambodia Daily ធ្វើការកែសម្រួលការចុះផ្សាយរបស់ខ្លួន ដោយឈរលើមូលដ្ឋានព័ត៌មានពិត និងមានសីលធម៌វិជ្ជាជីវៈជាចំបង៕
ដោយ៖ សហការី