ព័ត៌មានទាន់ហេតុការណ៍៖

Aston Villa នាំយកខ្សែបម្រើ Zaniolo ក្នុងលក្ខខណ្ឌខ្ចីជើងពី Galatasaray

ចែករំលែក៖

ក្លិប Aston Villa បានចុះហត្ថលេខានាំយកខ្សែបម្រើអ៊ីតាលី Nicolo Zaniolo ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Galatasaray កាលពីថ្ងៃសុក្រ។

Zaniolo អាយុ២៤ឆ្នាំគឺជាកីឡាករទី៤របស់ក្លិប Premier League ចាប់តាំងពីចុងបញ្ចប់នៃរដូវកាលមុន។

កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងជម្រើសមួយសម្រាប់ Aston Villa ដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបបានឲ្យដឹងថា “Aston Villa មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាខ្ចីជើងរបស់កីឡាករអន្តរជាតិអ៊ីតាលី Nicolo Zaniolo” ។

Zaniolo បានចំណាយពេល៥ឆ្នាំជាមួយក្រុម Roma ហើយបានស៊ុតបញ្ចូលទីគ្រាប់បាល់ឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ Europa Conference League របស់ពួកគេកាលពីឆ្នាំ២០២២។ គាត់បានចាកចេញទៅ Galatasaray ក្នុងខែកុម្ភៈ ហើយបានជួយក្លិបឈ្នះជើងឯកលីគទួរគី។

Zaniolo ដែល​មាន​ជម្រើស​ជាតិ​អ៊ីតាលី​ចំនួន១៣ប្រកួត​ចូល​រួម​ជាមួយ Pau Torres, Youri Tielemans និង Moussa Diaby ជា​មុខ​មាត់​ថ្មី​ក្នុង​ក្រុម​របស់​លោក Unai Emery។

Aston Villa ត្រូវបានបរាជ័យ ៥-១ នៅលើទឹកដីក្រុម Newcastle ក្នុងការប្រកួតបើកឆាក Premier League កាលពីចុងសប្តាហ៍មុន សម្រាប់ការប្រកួតសប្តាហ៍ទី២នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នៅរាត្រីថ្ងៃអាទិត្យនេះ ៕ ដោយ៖ ភារៈ

(រូបភាព ៖ AP/CNA )


ចែករំលែក៖