ភ្នំពេញ៖ សមត្ថកិច្ចជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣នេះថា កម្លាំងជំនាញ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជនម្នាក់ ជាជនជាតិចិន(តៃវ៉ាន់) ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន (តៃវ៉ាន់) និងចាប់យកវត្ថុតាង៖សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ក្រាម និងទូរស័ព្ទ ១គ្រឿង។
មន្រ្តីដដែលបន្តថា កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។
ក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមបញ្ជា របស់លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ នៅថ្ងៃទី១៩ ខែសីហានេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី