ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រមួយជាមួយវៀតណាមក្នុងអំឡុងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅពាក់កណ្ដាលខែកញ្ញាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហានិងផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Politico ដែលបានរាយការណ៍ពី ព័ត៌មានខាងលើមុនគេ។ Politico ដោយផ្អែកលើប្រភពពីមនុស្សចំនួន៣នាក់ ដែលដឹងពីគម្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិកនឹងវៀតណាមបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីមួយ ដែលនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួន ក្នុងនោះរួមមានការផលិតបន្ទះឈីប និងបញ្ញាសិប្បនិម្មិត។
លោក ចូ បៃដិន ក្នុងខែសីហានេះបាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ពីព្រោះទីក្រុងហាណូយចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងចង់ក្លាយជាដៃគូមួយដ៏សំខាន់។ ប៉ុន្តែខាងសេតវិមានមិនទាន់ទទួលស្គាល់ពីផែនការនៃដំណើរទស្សនកិច្ចរបស់ លោក បៃដិន ទៅកាន់ទីក្រុងហាណូយនៅឡើយទេ រីឯខាងក្រសួងការបរទេសវៀតណាមក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)