ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ៥លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ២លើក និងកត្តាផ្លូវ ១លើក។
សូុមជម្រាបជូនថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក អប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើស នឹងច្បាប់ នៅតាមបណ្ដោយផ្លូវជាតិនានា ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាបបំផុត និងយល់ជាក់ច្បាស់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបន្ដការជំរុញឱ្យអ្នកប្រេីប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ សហការី