ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញដាក់គោលដៅឆែកអាវុធជាតិផ្ទុះបានឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុកកាំភ្លើងអាកាមួយដើមនៅក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តន៍តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ផ្ទាល់ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការខណ្ឌដូនពេញ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុកកាំភ្លើងអាកាមួយដើមនៅក្នុងរថយន្ត។

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រុន សុវណ្ណវុត្ថា អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បើករថយន្តម៉ាក TOYOTA ព្រូស ស៊េរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BM-9691។

វត្ថុតាងដកហូតរួមមានអាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់១គ្មានគ្រាប់ ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមួយវត្ថុតាង(អាវុធ)មកកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖