ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២២ ខែសីហា ឆ្នាំ២០២៣នេះថា៖ លោកបានដឹកនាំកម្លាំងជំនាញ បើកប្រតិបត្តិការបង្រ្កាប និងចាប់ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិត រួមនឹងអាវុធខ្លីមួយដើមព្រមទាំងរថយន្តជិះធ្វើសកម្មភាពផងដែរ។
សូមជម្រាបថា យោងតាមរយៈវីដេអូឃ្លីបមួយបានបង្ហាញថា មានរថយន្តស៊េរីទំនើបចំនួនពីរគ្រឿង បានធ្វេីសកម្មភាពបាញ់គ្នា នៅរង្វង់មូលតោពីរ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងប្រមាណជា ១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរគមន៍ភ្លាមៗដោយឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះយកមកសាកសួរ ដេីម្បីបន្តនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកក្រុមចាប់ជំរិតទាំងអស់ យកមកដាក់ទោសតាមច្បាប់៕
ដោយ៖ ស តារា