ព័ត៌មានទាន់ហេតុការណ៍៖

សភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ចែករំលែក៖

នៅព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភាថៃបានបើកសម័យប្រជុំរួមនៃសភាតំណាងរាស្រ្តនិងព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការបោះឆ្នោតសកលជាងបីខែមុន។
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញអគារសភា ដោយមានប៉ូលិសប្រឆាំងកុបកម្មរាប់រយនាក់ដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់។ រាល់សកម្មភាពតវ៉ាត្រូវហាមឃាត់ក្នុងរង្វង់៥០ម៉ែត្រជុំវិញអគាររដ្ឋសភា។
សារព័ត៌មាន AFP បានផ្សាយថា គណបក្សភឿថៃ នៅថ្ងៃអង្គារទី២២ ខែសីហានេះបានប្រកាសជាផ្លូវការពីការតែងតាំងមហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់សភា។
លោក Srettha Thavisin ត្រូវបានគេរំពឹងខ្ពស់ថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់សភា នៅថ្ងៃអង្គារនេះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដឹកនាំរដ្ឋាភិបាលចម្រុះមួយដ៏ចម្រូងចម្រាស ដែលមានរួមបញ្ចូលទាំងគណបក្សគាំទ្រដោយយោធាថៃ។
សភាថៃនឹងកោះប្រជុំដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញរបស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ ក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖