ភ្នំពេញ៖ មុនឆ្លើយសំណួរអ្នកសារព័ត៌មាន នាសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តើថាកត្តាអ្វីដែលសម្តេចតេជោជំរុញឱ្យកូនច្បងក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា? សម្តេចតេជោ ហ៊ុន សែន បានរំលឹកកាលពីកុមារភាពចាកចេញពីឪពុកម្តាយតាំងពីអាយុ១៣ឆ្នាំមកស្នាក់នៅក្នុងវត្តដើម្បីមកសិក្សានៅភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការជំរុញឲ្យលោក ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្ត្រីមិនមែនជាបញ្ហាបន្តវង្សត្រកូលនោះទេ ក៏ប៉ុន្តែគឺជាបញ្ហាជាតិដែលតម្រូវឲ្យជ្រើសរើសអ្នកដែលស័ក្កិសម។ សម្ដេចថាលោក ហ៊ុន ម៉ាណែត ជាមនុស្សមានសមត្ថភាព និងបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់មុនបានក្លាយជានាយករដ្ឋមន្ត្រីទី៣៣ របស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាសម្តេចក្លាយជាឪពុក ទើបសម្តេចយល់ថាទ្រព្យសម្បត្តិមិនសំខាន់សម្រាប់កូនៗនោះទេ អ្វីដែលសំខាន់គឺការបណ្តុះបណ្តាលចំណេះវិជ្ជាដល់កូនៗ។ សម្តេចថ្លែងថា៖ «ទ្រព្យសម្បត្តិអាចចាយអស់ ភ្លើងអាចឆេះ ឬក៏ត្រូវបាត់បង់ដោយប្រការណាមួយ ប៉ុន្តែបើយើងផ្តល់វិជ្ជាឱ្យគេ គឺទោះបីស្ថានភាពបែបណា អគ្គិភ័យក៏មិនអាចទៅនឹងបំផ្លាញ (ចំណេះវិជ្ជា) បានដែរ»។
សម្តេចតេជោ បានថ្លែងឱ្យដឹងថាសម្តេចគឺស្រឡាញ់កូនៗទាំងអស់ស្មើៗគ្នា ដោយកូនៗប្រុសស្រីរបស់សម្តេចទាំង៥នាក់ គឺម្នាក់ៗគឺសុទ្ធតែសិក្សានៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់ ហើយពួកគេសុទ្ធតែមានចរិតជាអ្នកដឹកនាំ។
សម្តេចតេជោបានអះអាងពីមូលហេតុដែលជ្រើសរើសកូនច្បង គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដូច្នេះថា៖ «ម៉ាណែត ទទួលបាននូវចំណេះដឹងខ្ពស់ជាងគេក្នុងចំណោមកូនៗ ហើយក៏ទទួលបាននូវការស្រឡាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋក៏ច្រើនជាងគេ។ លទ្ធភាពរបស់គេក៏មានខ្ពស់ជាងគេ»។
សម្តេចតេជោ ថ្លែងបន្តថា៖ «បើនិយាយពីរបៀបក្នុងគ្រួសារវិញ ច្បាស់ជាយើងប្រគល់ឱ្យ (កូនច្បង) បន្ទាប់ពីឪពុក អត់ពីឪពុកច្បាស់ជាយើងប្រគល់ឱ្យកូនច្បងមើលការខុសត្រូវក្នុងគ្រួសារ។ វាពិតជាច្បាស់ហើយ លើកលែងតែកូនច្បងហ្នឹងញៀនថ្នាំញៀន ឬធ្វើអីមិនបានទើបប្រគល់ឱ្យកូនទី២ ឬកូនទី៣»។
សម្តេចគូសបញ្ជាក់ថា នេះមិនមែនជាបញ្ហាគ្រួសារនោះទេ នេះជាបញ្ហាសង្គមជាតិដែលត្រូវជ្រើសរើសអ្នកស័ក្តសមធ្វើជានាយករដ្ឋមន្ត្រីដែលអាចបញ្ជាលើកងទ័ព បញ្ជាលើកម្លាំងប្រដាប់អាវុធ បញ្ជាលើរដ្ឋបាលទទួលខុសត្រូវ និងការទទួលខុសត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាមុនលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី មានការវាយប្រហារថាមានការប្រជែងដណ្តើមតំណែងនាយករដ្ឋមន្ត្រី ជាពិសេសលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ដែលនេះជារឿងដែលមិនសមទាល់តែសោះ។
សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំគិតថាប្រហែលជាគ្រួសាររបស់គេ មានរបៀបប្រជែងគ្នាបែបនេះ ទើបគេគិតថាគ្រួសាររបស់ខ្ញុំដូចគ្រួសាររបស់គេដែរ កូនប្រុសរបស់ខ្ញុំទាំងពីរ ម៉ានិត និងម៉ានី គេពិតជាមិនព្រមទទួលយកតំណែងណាមួយនោះទេ ប្រសិនបើតំណែងនោះជាតំណែងខ្ពស់ជាងម៉ាណែត។ ឥឡូវម៉ាណែត ត្រូវបានគេទទួលស្គាល់ទាំងក្នុងគ្រួសារ ទាំងសង្គមជាតិទាំងមូល»។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងទៀតថា លទ្ធផលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានជាង ៨២ភាគរយ គឺមានចំណែកសន្លឹកឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជាបានដាក់នូវបេក្ខភាពនាយករដ្ឋមន្ត្រីដល់ទៅ ២រូប គឺសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
នៅចុងវេទិកាសន្និសីទសារព័ត៌មាន សម្តេចតេជោបានអួលដើមក និងស្រក់ទឹកភ្នែកនៅពេលដែលអ្នកសារព័ត៌មានសួរពីអារម្មណ៍របស់សម្ដេចយ៉ាងណា ពេលដែលកូនប្រុសច្បងរបស់សម្ដេចក្លាយទៅជានាយករដ្ឋមន្ត្រីកម្ពុជា។
សំណួរនេះបានធ្វើឱ្យសម្តេចតេជោបាននឹកឃើញដល់គ្រាដែលលំបាកកម្សត់របស់លោក ហ៊ុន ម៉ាណែត កាលពីនៅកុមារភាពស្របពេលកម្ពុជាស្ថិតក្នុងរបបខ្មែរក្រហម។
សម្តេចតេជោបានថ្លែងថា៖ «កូនកម្សត់មួយនេះបានបង្កើតឡើងនូវមោទនភាពសម្រាប់ឪពុករបស់វាដែលបានយកជីវិតធ្វើដើមទុនយកក្បាលទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន យកក្បាលទៅដោះដូរជាមួយនឹងសន្តិភាពប្រទេស យកជីវិតនយោបាយរបស់ខ្លួនទៅដោះដូរនឹងកំណែទម្រង់»។
សម្ដេចតេជោបានបន្តថា សម្តេចមានមោទកភាពនឹងកូនរបស់ខ្លួន ហើយសម្តេចសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងបន្តថែទាំសមិទ្ធភាពទាំងឡាយ ជាពិសេសថែទាំសេចក្តីសុខរបស់ប្រជាជនកម្ពុជា ៕
ដោយ ៖ សហការី