ព័ត៌មានទាន់ហេតុការណ៍៖

លោកថាក់ស៊ីនកំពុងសម្រាកព្យាបាលនៅមន្ទីរឃុំឃាំង

ចែករំលែក៖

អាជ្ញាធរថៃនិយាយថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពនៃមជ្ឈមណ្ឌលឃុំឃាំងបាងកក ដោយសារបញ្ហាសុខភាព។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រធាននាយកដ្ឋានរដ្ឋបាលពន្ធនាគារថៃ លោក Ayuth Sintoppant កាលពីថ្ងៃទី 23 ខែសីហា បានប្រកាសពីផែនការរបស់ទីភ្នាក់ងារសម្រាប់លោក Thaksin បន្ទាប់ពីតុលាការកំពូលបានកាត់ទោសអតីតនាយករដ្ឋមន្ត្រីឱ្យជាប់ពន្ធនាគាររយៈពេល 8 ឆ្នាំសម្រាប់ទោសចំនួន 3 ដែលត្រូវបានប្រកាសកំបាំងមុខអំឡុងពេលគាត់និរទេសខ្លួន។
លោក Ayuth បាននិយាយថា មជ្ឈមណ្ឌលឃុំឃាំងទីក្រុងបាងកក នៃពន្ធនាគារ Klong Prem ក្នុងរដ្ឋធានីថៃ នឹងធានាបាននូវលក្ខខណ្ឌសុវត្ថិភាព កន្លែងទទួលទានអាហារ និងការសួរសុខទុក្ខសមរម្យសម្រាប់លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ។ លើសពីនេះ ដោយសារតែអតីតនាយករដ្ឋមន្ត្រីមានវ័យចំណាស់ អាជ្ញាធរនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពសុខភាពរបស់គាត់ ដើម្បីទទួលការព្យាបាលសមស្រប។
នាយករងរដ្ឋបាលពន្ធនាគារ លោក Sitthi Sutivong បានបន្ថែមថា គ្រូពេទ្យបានពិនិត្យលោកថាក់ស៊ីន ហើយបានរកឃើញថា លោកមានជម្ងឺចំនួនបួន រួមមានបញ្ហាបេះដូង និងសួត។ យោងតាមបទប្បញ្ញត្តិសម្រាប់អ្នកទោសវ័យចំណាស់ដែលឈឺដំបូងថាក់ស៊ីននឹងត្រូវបានដាក់នៅក្នុងបន្ទប់ឯកជនមួយក្នុងប្លុកទី 7 ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលឃុំឃាំងបាងកក។
មានការរំពឹងទុកជាច្រើនថា អតីតនាយករដ្ឋមន្ត្រីចង់ឲ្យការជាប់ពន្ធនាគាររបស់លោកខ្លីតាមដែលអាចធ្វើទៅបាន។ លោក សិទ្ធី បានបញ្ជាក់ថា លោកថាក់ស៊ីន មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រចាប់ពីថ្ងៃដំបូងនៃការកាត់ទោស។ ពាក្យស្នើសុំលើកលែងទោសអាចត្រូវបានរៀបចំដោយលោកថាក់ស៊ីន ឬសាច់ញាតិរបស់គាត់។
ច្បាប់ថៃចែងថា នៅពេលអ្នកទោសមានពាក្យសុំលើកលែងទោស គណៈកម្មាធិការនៃនាយកដ្ឋានគ្រប់គ្រងពន្ធនាគារនឹងពិនិត្យមើល។ គណៈកម្មាធិការនេះនឹងដាក់ពាក្យសុំលើកលែងទោសទៅក្រសួងយុត្តិធម៌ និងនាយករដ្ឋមន្ត្រី មុននឹងបញ្ជូនបន្តទៅព្រះមហាក្សត្រដើម្បីពិចារណា។
បើតាមលោក សិទ្ធី បច្ចុប្បន្នការលើកលែងទោសរបស់ព្រះមហាក្សត្រមានពីរប្រភេទ រួមមានមួយសម្រាប់សមូហភាព និងមួយសម្រាប់បុគ្គល។ លោកថាក់ស៊ីន ជាក្រុមទី២ ដំណើរការទាំងមូលអាចចំណាយពេល ១-២ខែ អាស្រ័យលើឯកសារភ្ជាប់មកជាមួយ និងការសម្រេចរបស់ព្រះមហាក្សត្រុ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖