ភ្នំពេញ ៖ លោកសន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ដើម្បីការងារសន្តិសុខជាតិ និងបញ្ជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ នេះបើយោងតាម សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការកំណត់របៀបរបបការងារ និងភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ ដោយឡែក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និង លោកសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែល នាយករដ្ឋមន្ត្រីប្រគល់ជូន៕
ដោយ ៖ សុខ ខេមរា