ខេត្តត្បូងឃ្មុំ៖ លោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមម៉ូតូប្រភេទកែច្នៃដឹកឈើប្រណីតចំនួន បីគ្រឿង បានធ្វើសកម្មភាពលួចដឹកជញ្ជួនឈើប្រភេទសុក្រម ក្នុងគោលដៅបម្រុងឆ្លងដែនចូលទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបបានភ្លាមៗ រួចបញ្ជូនទៅឱ្យខាងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី បានឱ្យដឹងទៀតថា ដោយបានអនុវត្តនូវបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទេីបលោកដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបក្រុមម៉ូតូដឹកឈើទាំងនោះ ដែលបម្រុងលួចឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ស្ថិតនៅលើផ្លូវលំមួយកន្លែង ក្នុងភូមិពផ្លាំ ឃុំជាំ ស្រុកមេមត់ កាលពីថ្ងៃទី២២ សីហា ម្សិលមិញ។ ប៉ុន្តែក្នុងការដេញតាមបង្រ្កាបនោះ ម៉ូតូដឹកឈើទាំងបី ដោយមួយ គ្រឿងផ្ទុកដឹកបានមួយ កំណាត់ គឺម្ចាស់ជាអ្នកបើកបរ បានទុកម៉ូតូ និងឈើកែច្នៃ (ចាំង) ទំហំប្រហាក់ប្រហែលគ្នា ហើយពួកគេបានគេចខ្លួនបាត់។
មេបញ្ជាការកងរាជអាវុធហត្ថរូបនេះ បានបន្ថែមថា យោងតាមការពិនិត្យជាក់ស្តែង ឈើទាំងអស់នេះទំនងជាមានឈ្មួញកាម៉ង់ទិញ កែច្នៃជាខ្នាតដូចគ្នា ដោយក្រុមម៉ូតូទាំងនេះទៅរុករកតាមព្រៃ ដែលនៅសេសសល់ ក្នុងទឹកដីខេត្តក្រចេះ ដោយប្រើប្រាស់រយៈពេលច្រើនថ្ងៃ ទម្រាំបានមួយកំណាត់ (ខាងរដ្ឋបាលព្រៃឈើ ហៅ មួយដុំ) ដឹកតាមម៉ូតូ លួចដឹកទៅកាន់ប្រទេសវៀតណាមនេះ។ ប៉ុន្តែទោះយ៉ាងណា យើងបន្តឃ្លាំមើលជាប្រចាំ និងចាត់វិធានការបង្រ្កាប ឱ្យខានតែបាន។
បច្ចុប្បន្នវត្ថុតាងទាំងឈើ ជាប្រភេទឈើសុក្រម និងម៉ូតូ ត្រូវបានបានប្រគល់ជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី