ព័ត៌មានទាន់ហេតុការណ៍៖

លួចឡំប្រឺតា(pass app)រួចយកទៅជួសជុលម្ចាស់ឃើញទាន់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឃើញ pass app គេឈប់នៅមុខផ្ទះ ក៏ធ្វើសកម្មភាពលួច រួចយកទៅជួសជុលនៅជាង ម្ចាស់ឃើញទាន់ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥និង១០នាទី ភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ចាន់លី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។  ចំណែកជនសង្ស័យ ៖ ០២នាក់ប្រុស ឃាត់ខ្លួន០១នាក់ ១-ឈ្មោះ ទី វ៉ាន់ដា ហៅអេតចាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅភូមិតាងួន សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ (ឃាត់ខ្លួន)និងម្នាក់ទៀតគេចខ្លួន ។

វត្ថុតាងចាប់យក៖  ១-ផាសអេបចំនួន០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HR-2310 លេខតួMD2A45A YOKWK39451 លេខម៉ាសុីនAZZWKK03057 (ជារបស់ជនរងគ្រោះ យកបានមកវិញ)។២-ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកOPPO A31 ពណ៌ខ្មៅ (របស់ជនសង្ស័យ)។

   ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៥ និង៣០នាទីល្ងាច ជនរងគ្រោះបានយកផាសអេបរបស់ខ្លួនទុកមុខផ្ទះប្អូនស្រីចម្ងាយប្រហែល១០ម៉ែត្រក្នុងបរិវេនដីឡូត៍ជាមួយគ្នា ដោយមិនបានចាក់សោការពារអោយបានត្រឹមត្រូវឡើយ ហើយជនរងគ្រោះនិងក្រុមគ្រួសាររៀបចំហូបបាយទឹករួច ក៏ចាក់សោទ្វារផ្ទះហើយនាំគ្នាចូលសំរានទាំងអស់គ្នា ។ លុះដល់ព្រឹកឡើងថ្ងៃទី១៩ខែឆ្នាំដដែល  វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះបានរៀបចំខ្លួនចេញទៅធ្វើការ ស្រាប់តែមិនឃើញផាសអេបរបស់ខ្លួនឡើយ រួចសួរទៅប្អូនស្រីនិងម្តាយ គាត់បានឆ្លើយតបថាមិនឃើញដែរ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលព្រៃពួច ដើម្បីជួយស្រាវជ្រាវតាមចាប់មុខសញ្ញាជនសង្ស័យ ។លុះដល់នៅថ្ងៃទី២២ខែឆ្នាំដដែល វេលាម៉ោង១២និង៣៥នាទី ជនរងគ្រោះបានធ្វើដំណើរតាមដងផ្លូវសហព័ន្ធរុស្សុី(មុខព្រលានយន្តហោះពោធិ៍ចិនតុង) ស្រាប់តែឃើញផាសអេបរបស់គាត់ចតទុកនៅមុខកន្លែងជួសជុលតោនបាញ់ថ្នាំមានយីហោ រាមថារ័ត្ន ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលព្រៃពួច ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងជួសជុស ហើយមេការនៅកន្លែងជួសជុលនោះប្រាប់ថាមានភ្ញៀវយកមកទុកឱ្យជួសជុល បន្ទាប់មកកម្លាំងផ្នែកជំនាញស្រុកបានយកផាសអេបរបស់ជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីស្រាវជ្រាវបន្ត។ លុះដល់វេលាម៉ោង១៨ និង២០នាទីល្ងាចថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យឈ្មោះ ទី វ៉ាន់ដា ហៅអេតចាយ មកយកផាសអេបដែលខ្លួនយកមកទុកជួសជុលពីព្រឹកមិញ ហើយក្រុមជាងជួសជុលនៅកន្លែងនោះ បានរាយការណ៍មកកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល ភ្លាមនោះបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាម នីតិវិធីច្បាប់។

  ជនសង្ស័យឈ្មោះ ទី វ៉ាន់ដា ហៅអេតចាយ បានឆ្លើយសារភាពថាបក្ខពួកខ្លួនឈ្មោះ ណង តែងតែធ្វើសកម្មភាព លួចផាសអេប គាស់ផ្ទះលួចយកសម្ភារៈ និងម៉ូតូរបស់គេជាច្រើនលើករួចលក់យកលុយចែកគ្នា និងទិញគ្រឿងញៀនដើម្បីប្រើប្រាស់ ។

   ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖