ព័ត៌មានទាន់ហេតុការណ៍៖

លោកស័ក្តិ៤ យូ ប៊ុនស្រៀង មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កំពុងអនុវត្តផ្ទុយ ពីតួនាទី ភារកិច្ច ដោយសារគិតផលប្រយោជន៍បុគ្គល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកស័ក្តិ៤ យូ ប៊ុនស្រៀង ប្រចាំការនៅខេត្តមណ្ឌលគិរី បាននឹងកំពុង យកតួនាទី ភារកិច្ច ក្នុងនាមជាអ្នកបង្ក្រាបបទល្មើសសេដ្ឋកិច្ច បទល្មើសធនធានធម្មជាតិ បែរជាប្រឹងទាញយកប្រយោជន៍ពី មុខរបរទាំងនេះ ដែលខុសពីគោលការណ៍ថ្នាក់លើរបស់អង្គភាព ពិសេសបទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិផងដែរ គឺដាច់ខាតមិនអនុញ្ញាតអោយ នគរបាលសេដ្ឋកិច្ច ចុះដាក់ប៉ុស្តិ៍តាមខេត្ត កុងត្រូលជជុះជាដើម ក្នុងនោះថែមទាំងមានបទបញ្ជាអោយ ស្នងការនគរបាលតាមខេត្តត្រូវចាត់វិធានការទៅលើ ការប្រព្រឹត្តមិនត្រឹមត្រូវ ការដាក់ប៉ុស្តិ៍ជាដើម ឃាត់ខ្លួន ឬបញ្ជូនមកកាន់ ក្រសួងមហាផ្ទៃវិញ ។ 

សូមជម្រាបជូនថា ៖ ថ្មីៗនេះ ដោយសារឈ្មួញ អ្នករកស៊ីដឹកទ្វារបង្អួច ប្រភេទឈើកែច្នៃ អាចយល់ឃើញថា, លោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានកៀបសង្កត់ កៀបក្តាមយកឈាម និងមានសកម្មភាពផ្សេងៗ ធ្វើសកម្មភាពដេញឡានដឹក ឈើកែច្នៃ ដេញឡានអ្នកដំណើរ ដែលខ្លួនសង្ស័យថា ដឹកអនុផលព្រៃឈើ ក៏ក្លាយទៅជាមានប្រតិកម្ម ពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន ទើបគេទម្លាយថា, កន្លងបុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ដោយទទួលសំណូកពីឈ្មួញឈើក្នុង១ខែៗ ចាប់ពី ៦០ម៉ឺនរៀល ៨០មុឺនរៀល ទៅ១លានរៀល ជាថ្នូរនឹងធ្វើមិនដឹងមិនឮ ធ្មេចភ្នែកបើកភ្លើងខៀវ មិនបង្ក្រាប មិនទប់ស្កាត់ រាល់បទល្មើសព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។ នេះហើយជាកំហុសធ្ងន់ធ្ងរ ដែលសាមីអង្គភាពធ្វើការ ពិចារណា ស៊ើបអង្កេត ស្រាវជ្រាវ តើជាការពិត ឬមួយក៏ ការមិនពេញចិត្តណាមួយ ពីអ្នកដទៃ ទម្លាក់កំហុសមកលើគាត់។  

បើតាមប្រភពផ្សេងទៀតដែលអាចជឿទុកចិត្តបានបញ្ជាក់ថា ក្រដាស វីងវេរលុយជាច្រើនសន្លឹកដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្មភាពដឹក ជញ្ជូន ព្រៃឈើបានយ៉ាងរលូន។ ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។

ប្រភពបន្តទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ ខែឱ្យលោក យូ ប៊ុនស្រៀង ប៉ុណ្ណោះទេ។ លើសនេះទៅ ទៀត នៅពេលរវល់ប្រជុំចុះបំពេញបេសកកម្មឬមានកម្មវិធីផ្សេងៗ សូម្បីរថយន្តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ។ ដោយ ពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះ ទៀតហុចផ្ទាល់ដៃ។

បើតាមលោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលា ខេត្តមណ្ឌលគិរីកន្លងទៅធ្លាប់បានលើកឡើងថា  លោកមិនច្បាស់ទេព្រោះពុំសូវឃើញទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត។

លោកអភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានស្នើឲ្យអាជ្ញាធរក្រុងសែនមនោរម្យបង្ក្រាបកុងត្រូលជជុះរបស់លោកយូ ប៊ុនស្រៀង ឱ្យមានប្រសិទ្ធភាព ។ ប៉ុន្តែរយៈពេលជាង ៥ ខែមកហើយ អាជ្ញាធរនៅតែមិនអាចបង្ក្រាបក្រុមលោកយូ ប៊ុនស្រៀង បាននៅឡើយ។ មិនតែប៉ុណ្ណោះក្រុមលោកយូ ប៊ុនស្រៀង នៅតែបន្តសកម្មភាពគឃ្លើនកាន់ តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ 

ក្រោយពីផ្ទុះនៅសកម្មភាពមិនប្រក្រតីនេះ ពីរថ្ងៃមុននេះ មានអធិការកិច្ច បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងសួរនាំទៅលើនាយនគរបាលរូបនេះផងដែរ។ ប៉ុន្តែគេពុំទាន់ដឹងលទ្ធផលបែបណា ! 

ពាក់ព័ន្ធនឹងករណីខាងលើ លោកស័ក្តិ៤  យូ ប៊ុនស្រៀង មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ថា , ខ្ញុំមិនដែលបានពាក់ព័ន្ធនិងការទទួលប្រាក់ពីក្រុមឈ្មួញណាម្នាក់ឡើយ សព្វថ្ងៃនេះ គ្មានការដឹកជញ្ជូនឈើ គ្មាននរណាកាប់ឈើមួយដើមទេ។ លោកបានបន្តថា, បើខ្ញុំធ្វើសកម្មភាពដូចគេថា ប្រហែលជាអាជ្ញាធរខេត្ត ស្នងការខេត្ត អាវុធហត្ថខេត្ត គេមិននៅស្ងៀមទេ គឺត្រូវតែចាត់វិធានការលើខ្ញុំហើយ។ ប៉ុន្តែខ្ញុំមិនដែលពាក់ព័ន្ធនឹងការទទួលសំណូកអ្វីសោះ បែរជាមានការចុះផ្សាយប៉ះពាល់មកដល់ខ្ញុំ ជាច្រើនផងដែរ។ 

សូមបញ្ជាក់ថា : ទោះបីជាមានការបកស្រាយបែបនេះក៏ដោយ បើយោងទៅតាមក្រដាសវីង គឺមានលេខទូរស័ព្ទរបស់លោកស័ក្តិ4 រូបនេះ ជាអ្នកទទួលប្រាក់ ចាប់ពី៦០មុឺនរៀល ៨០មុឺនរៀល ដល់ ១លានរៀល , មិនដឹងថាការទទួលប្រាក់នេះ គេឲ្យដោយមនោសញ្ចេតនា ឬជំពាក់ថ្លៃអ្វីនោះឡើយ ? ឬមួយក៏ឈ្មួញត្រូវបង់ប្រចាំខែ ? ៕

ដោយ ៖ សហការី


ចែករំលែក៖