ខេត្តបន្ទាយមានជ័យ៖ ពលករ-ពលការិនីកម្ពុជាក្នុងរយៈពេល១ឆមាសត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន៥.៦៨៧នាក់ និងច្រកម៉ាឡៃ ចំនួន១០នាក់ សរុបមានចំនួន ៥.៦៩៧នាក់ ក្នុងនោះមានស្ត្រី១.៩៣៧នាក់, កុមារ៦៦២នាក់។ ដោយឡែកការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀត មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃជាមធ្យម៥០នាក់។ ការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង១ខែជាមធ្យម១០នាក់ ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងកិច្ចប្រជុំសម្របសម្រួលស្តីពីចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងការឆ្លើយតបករណីជនចំណាកស្រុក (ស្រ្តីនិងកុមារ)ដែលធ្វើឡើងនៅភោជនីយដ្ឋាន មាតុភូមិ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលសហការរៀបចំឡើងដោយរដ្ឋបាលក្រុងប៉ោយប៉ែត, អង្គការតំណក់ទឹក គាំទ្រថវិកាដោយអង្គការតំណក់ទឹកនិងអង្គការការីតាស ស្វីស។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអង្គការដៃគូពាក់ព័ន្ធផងដែរ ។
លោកស្រី រស់ សុផានី បានសំណូមពរ ចំពោះលោក លោកស្រី ដែលជាអ្នកទទួលខុសត្រូវតាមបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុងនិងអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ជាគំនិតមតិយោបល់ ចែករំលែក លើការងារ ចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងទប់ស្កាត់អំពើជួញដូរមនុស្ស សម្រាប់ជាយុទ្ធសាស្រ្តលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តទិសដៅបន្ត ហើយក៏ជាមូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាព អនុវត្តអោយបានសម្រេចជោគជ័យផងដែរ ៕
ដោយ ៖ វណ្ណា