ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងលោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ នេះបើយោងតាម រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី” ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : រាជរដ្ឋាភិបាលសម្រេច : ប្រការ១ – ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជា សេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។
ប្រការ២ – ត្រូវបានចាត់តាំងលោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។
ប្រការ៣ .- ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម
– សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី្រ៖
– ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី
– ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី្រ
– ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី
– រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពី ព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់
– បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។
ប្រការ៤ ..ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន ក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
បការ៥ – បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៦ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា