ខេត្តបន្ទាយមានជ័យ៖ លោកអភិបាលរងខេត្តង៉ោ ម៉េងជ្រួន បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ កាលពីម្សិលមិញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះថាៈ រដ្ឋបាលខេត្តជំរុញអោយមេឃុំថ្មីនៃឃុំម៉ាឡៃពង្រឹងការងារ និងផ្តល់សេវាសាធារណ:ជូនពលរដ្ឋអោយបានល្អបន្ថែមទៀត។ ការថ្លែងនោះមានអ្នកចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជននិងភ្ញៀវជាច្រើន រូប។
លោក ថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្តបានអានប្រកាសស្តីពីការផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំម៉ាឡៃ ។ ក្នុងនោះ ត្រូវបានផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃពីលោក ឌឹម សុខ ដែលទទួលមរណភាពមកលោកស្រី ខឹម ខេង ជំនួសវិញ។ លោក គង់ វណ្ណថេង ឡើងជាជំទប់ទី១ ជំនួសលោកស្រី ខឹម ខេង និងលោក ប៉ែន សៀង ជាសមាជិកក្រុមប្រឹក្សាឃុំជំនួសលោក គង់ វណ្ណថេង ។
លោកស្រី ខឹម ខេង ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃនិងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តនិងលោកអភិបាលខេត្តបានសម្តែងសមានចិត្តចំពោះមរណភាពរបស់លោក ឌឹម សុខ មេឃុំចាស់ថាជាការបាត់បង់មន្ត្រីនិងធនធានមនុស្សដ៏ល្អនិងសំខាន់ម្នាក់។
លោក ង៉ោ ម៉េងជ្រួន បានស្នើអោយលោកស្រីដែលទើបទទួលការតែងតាំងថ្មីត្រូវបន្តរួបរួមសាមគ្គីនិងសហការជាមួយអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចចំពោះមុខចំនួនពីរជាចម្បង ក្នុងនោះមាន : ទី១-ត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ។
ទី២- ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយផ្អែកតាមសេចក្តីណែនាំលេខ០១៨ សណនចុះថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់៕
ដោយ៖ វណ្ណា