សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់សហរដ្ឋអាមេរិកចំនួន ២ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញការព្រមានអំពីលទ្ធភាព នៃការខ្វះខាតថាមពល ដោយសារតែរលកកម្ដៅដ៏ខ្លាំងក្លាគ្របដណ្តប់លើរដ្ឋតិចសាស់ និងរដ្ឋក្នុងតំបន់ភាគកណ្តាល។
ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់អគ្គិសនីនៃរដ្ឋតិចសាស់ ERCOT ដែលធ្វើប្រតិបត្តិការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជនជាង ២៦លាននាក់ បានអំពាវនាវឱ្យមានការចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលដោយស្ម័គ្រចិត្ត និងស្នើដល់និយតកររដ្ឋ កំណត់កម្រិតស្តង់ដារគុណភាពខ្យល់។ ERCOT បានឲ្យដឹងថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាដោយសារតែការផលិតថាមពលអគ្គិសនីពីកង្ហារខ្យល់មានកម្រិតទាប ក្នុងពេលមានការប្រើប្រាស់ថាមពលខ្ពស់។ អាស្រ័យហេតុនេះ ការផ្គត់ផ្គង់ថាមពលអាចនឹងត្រូវកាត់បន្ថយ ៩៥មេហ្គាវ៉ាត់នៅវេលាម៉ោង ៧ និង ៥៥នាទីយប់ (ម៉ោងក្នុងតំបន់)។ បើតាមគេហទំព័រតាមដានអាកាសធាតុ AccuWeather សីតុណ្ហភាពនៅទីក្រុងហ៊ូស្តុន (Houston) ដែលជាទីក្រុងធំបំផុតក្នុងរដ្ឋតិចសាស់ អាចឡើងដល់ជាង ៤១អង្សាសេ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អ្នករស់នៅក្នុងរដ្ឋតិចសាស់កំពុងមានការព្រួយបារម្ភអំពីបាតុភូតអាកាសធាតុបែបនេះ បន្ទាប់ពីព្យុះរដូវរងាដ៏កំណាចមួយកាលពី័ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានថាមពលអគ្គិសនី ទឹក និងកម្តៅប្រើប្រាស់ជាច្រើនថ្ងៃ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters