ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រសោកស្តាយមិនតិចទេក្រោយពី បេក្ខភាពតំណាងខេត្តក្រចេះ កញ្ញា កុយ អេណា ទទួលបានតំណែងរងលំដាប់ទី១ ពីកម្មវិធីប្រគួត Miss Grand Cambodia 2023 ។ បើទោះបីជាអ្នកគាំទ្រ និងអ្នកគ្រប់គ្រងអន្តរជាតិជនជាតិថៃ លោក ណាវ៉ាត់ បានលើកទឹកចិត្តឲ្យនាងវិលត្រឡប់មកកាន់ឆាកប្រគួតជាថ្មីនៅឆ្នាំក្រោយក្តីក៏នាងនៅមិនទាន់បង្ហាញភាពច្បាស់លាស់នៅឡើយ។
អ្នកគាំទ្រនៅតែស្តាយសមត្ថភាព រូបសម្រស់ និងប្រជាប្រិយភាពរបស់នាងដែលបានហក់ឡើងខ្លាំងត្រឹមតែរយៈពេលខ្លីនោះ ហើយបើទោះបីជាឆ្នាំនេះគឺជាឆ្នាំដំបូងដែលនាងចូលរួមប្រគួតក្នុងវិស័យបវរកញ្ញាក៏ដោយ។ ទោះជាយ៉ាងណាការបង្ហាញសញ្ញាក្នុងការវិលរកឆាកប្រគួតជាថ្មីស្ថិតក្នុងភាពស្រពិចស្រពិល នៅឡើយ នេះបើតាមការបញ្ជាក់ប្រាប់មកកាន់អ្នកសារព័ត៌មានយើងខ្លីៗ ក្នុងជំនួបផ្ទាល់មុននេះ។ នាងថាមិនច្បាស់ទេថាតើនឹងវិលមកវិញដែរឬយ៉ាងណាទេ ហើយនាងស្នើមិនបញ្ជាក់មូលហេតុនៅពីក្រោយភាពមិនច្បាស់លាស់នេះ ។ ទោះជាយ៉ាងណា តាមការទម្លាយរបស់អ្នកដែលស្និទ្ធនឹងនាង បានទម្លាយថា ហេតុផលគឺនាងចង់ទៅបន្តការសិក្សានៅបរទេសនៅឆ្នាំក្រោយ ដែលការលើកឡើងនេះស្របទៅតាមការផ្តល់បទសម្ភាសន៍មកកាន់អ្នកសារព័ត៌មានយើងកាលពីអំឡុងចុងខែមិថុនាកន្លងទៅ ដែលនាងធ្លាប់លើកឡើងថា នាងបានពន្យារពេលក្នុងការទៅសិក្សានៅប្រទេសញូវហ្សេឡែន ដែលនាងមានឪពុករស់នៅទីនោះស្រាប់។ អតីតបេក្ខជនតំណាងខេត្តក្រចេះរូបនេះទំនងជាអាចបន្តការសិក្សានៅក្រៅប្រទេសខណៈដែលនាងអាចនឹងវិលមកវិស័យកញ្ញាឯកវិញនៅឆ្នាំ ២០២៥ ឬ២០២៦វិញ។ ដំណឹងនេះអាចនឹងធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តត្បិតចង់ឲ្យនាងលេចមុខមាត់នៅលើវិស័យកញ្ញាឯក និងមានឱកាសគ្រងតំណែងជាម្ចាស់មកុដនៅថ្ងៃខាងមុខ។ គេនៅមិនទាន់ដឹង១០០ភាគរយនៅឡើយដែរថាតើនាងនិងសម្រេចចិត្តពន្យារពេលនៃការសិក្សាបន្តឬ បំពេញចិត្តអ្នកគាំទ្រ និងបន្តក្តីស្រមៃក្នុុងការគ្រងមកុដកញ្ញាឯកនោះដែរ។
គួរបញ្ជាក់ផងដែរថាមានអាជីពជាតារាបង្ហាញម៉ូត និងជាម្ចាស់អាជីវកម្មស្រាប់ កុយ អេណា មានសមត្ថភាព រូបសម្រស់ ទេពកោសល្យល្អ ដែលអាចស្វែងរកអ្នកគាំទ្របានច្រើនលើសលប់ពីព្រឹត្តិការណ៍ប្រគួតសម្រស់ល្បីឈ្មោះMiss Grand Cambodia 2023។ ក៏មានទស្សនិកជនចង់ឃើញនាងក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជាចូលរួមប្រគួតក្នុងកម្មវិធីសម្រស់អន្តរជាតិណាមួយនាថ្ងៃអនាគតផងដែរ៕
ដោយ ៖ វឌ្ឍនា