ខេត្តបន្ទាយមានជ័យ ៖ បើមានច្បាប់នោះមិនអីទេ ព្រោះខាងជំនាញអាចកំណត់អោយកាយដីតាមកម្រិត បើអត់ច្បាប់ រលាយហើយ តំបន់ជើងភ្នំបាក់។ ខណៈកំពុងត្រូវបានឈ្មួញប្រើគ្រឿងចក្រកាយយកដីលក់ដឹកចេញយ៉ាងគគ្រឹកគគ្រេង ហើយបែរងាកទៅអាជ្ញាធរក្រុងហាក់ដូចជាមិនដឹង និងមិនដែលឃើញធ្វើសកម្មភាពត្រួតពិនិត្យណាមួយក្នុងការអភិរក្សតំបន់ជើងភ្នំ ដែលស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណនេះឡើយ ។ សង្ស័យចែកផលគ្នាយ៉ាងត្រជាក់ពងទេដឹង ? បញ្ហាទាំងអស់នេះ អាចអាជ្ញាធរ ជំនាញពាក់ព័ន្ធ ធ្វើការបកស្រាយបំភ្លឺជូនសាធារណៈឲ្យបានជ្រាបផង។
ប្រជាពលរដ្ឋនិយាយថា ជិត១សប្តាហ៍ហើយដែលគាត់ឃើញសកម្មភាពគ្រឿងចក្រកាយដីដឹកចេញយកទៅលក់គគ្រឹកគគ្រេង ដោយចូលកាយនៅចំណុចជើងភ្នំបាក់ តែដូចជាគេលួចកាយ ព្រោះថ្ងៃខ្លះឃើញកាយ និងថ្ងៃខ្លះក៏អត់ ដែលមានរថយន្តដឹកជញ្ជូនរាប់សិបគ្រឿង ។
ប្រជាពលរដ្ឋសំណូមពរសុំឱ្យអាជ្ញាធរខេត្ត ក្រុង និងមន្ទីរជំនាញជួយមើលផង ព្រោះបើបណ្តោយឱ្យកាយបែបនេះ ភ្នំបាក់នឹងជួបស្ថានភាពរងហានិភ័យកាន់តែហិនហោច ។ កាលពីឆ្នាំមុន ក៏មានសកម្មភាពដូចគ្នានៅចំណុចជើងភ្នំបាក់ផ្នែកខាងកើត តែត្រូវបានសម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យចាប់គ្រឿងចក្រទាំងនោះ រហូតក្រុមឈ្មួញបើកគេចយកទៅលាក់នៅជ្រលងភ្នំអស់ លុះពេលនេះ ក៏ឃើញមានសកម្មភាពនៅខាងលិចភ្នំវិញម្តង ទំនងត្រូវគ្នាជាមួយម្ចាស់ស្រុក ។
ប៉ុន្តែអ្នកឈរកាន់ប័ណ្ណរាប់ក្បាលរថយន្តនិយាយថា ការកាយដីភ្នំនេះ ជាក្រុមការងារសាលាក្រុងសិរីសោភ័ណ គឺយកធ្វើផ្លូវខាងលិចសាកលវិទ្យាល័យជាតិមានជ័យ ដែលជាបទបញ្ជាលោកអភិបាលក្រុងសិរីសោភ័ណឱ្យធ្វើ ។
មានច្បាប់ហើយ ! គួរធ្វើតាមកំណត់របស់ជំនាញ ចៀសវាង រលាយភ្នំ យកដី យកថ្ម ទៅបិទវិញមិនជាប់ទេ ??? ៕
ដោយ ៖ សហការី