ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបេឡារុសធ្លាប់ស្នើដល់មេដឹកនាំទាហានស៊ីឈ្នួល Wangner ឱ្យប្រយ័ត្នខ្លួន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកផ្ទាល់ធ្លាប់បានព្រមានឱ្យថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងលោក ឌីមីទ្រី អ៊ូតគីន (Dmitry Utkin) មានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកទាំង២។
ដោយចង់និយាយសំដៅទៅលើការស្លាប់របស់លោក ព្រីហ្គោហ្ស៉ីន នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះឯកជនមួយនៅរុស្ស៉ីក្នុងសប្ដាហ៍នេះ លោក លូកាសិនកូ បានអះអាងថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner រូបនេះបានបដិសេធការព្រមានដល់ទៅ២ដងពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិតរបស់លោក។ លោក លូកាសិនកូ បានលើកឡើងថា អំឡុងការបះបោរមិនបានសម្រេច លោកផ្ទាល់ធ្លាប់បានព្រមានលោក ព្រីហ្គោហ្ស៉ីនថាលោកអាចស្លាប់ ប្រសិនបើនៅតែបន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៅពេលនោះ។ ប៉ុន្តែលោក ព្រីហ្គោហ្ស៉ីបានឆ្លើយតបទៅវិញថា «ខ្ញុំមិនខ្លាចស្លាប់នោះទេ»។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា តើការព្រមានរបស់លោក លូកាសិនកូ នៅក្នុងកិច្ចសន្ទនាជាមួយលោក ព្រីហ្គោហ្ស៉ីន ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស BelTA នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងតាំងពីពេលណាឱ្យប្រាកដនោះទេ។ បើតាម BelTA លោក លូកាសិនកូ នៅតែទទូចថា ទាហានស៊ីឈ្នួល Wagner នឹងបន្តស្ថិតនៅលើទឹកដីបេឡារុស បើទោះជាថៅកែរបស់ពួកគេបាត់បង់ជីវិតពិតមែនក៏ដោយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Sputnik)


ចែករំលែក៖