ព័ត៌មានទាន់ហេតុការណ៍៖

លោកអនុព័ន្ធយោធាចិនអបអរសាទរ លោក ទៀ សីហា ក្នុងឱកាសឯកឧត្តមត្រូវបានតែងតាំងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : ទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៥ ខែសីហា លោក Tang Hao អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូតចិន អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ លោក ទៀ សីហា និងបានសម្ដែងអំណរសាទរក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោក Tang Hao មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃប្រទេសនិងកងទ័ពទាំងពីរ រយៈពេលតែប៉ុន្មានឆ្នាំនេះ កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរប្រទេសទទួលបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់លើវិស័យដូចជាទំនាក់ទំនងជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកងទ័ព លំហាត់រួមគ្នា សព្វាវុធបច្ចេកទេស និងការបណ្តុះបណ្តាលកងទ័ពជាដើម។ កិច្ចសហប្រតិបត្តិការយោធាត្រូវបានពង្រឹងឥតឈប់ឈរកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមានកម្លាំង កម្រិតនៃកិច្ចសហប្រតិបត្តិការកងទ័ពរវាងចិននិងកម្ពុជាស្ថិតនៅជួរមុខក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរវាងកងទ័ពចិននិងកងទ័ពបរទេស។ លោកបានពាំនាំអំណរសាទររបស់ឯកឧត្តម Li Shangfu សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ជូនចំពោះលោក ទៀ សីហា ក្នុងឱកាសលោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីការពារជាតិ ភាគីចិនរីករាយសហការជាមួយឯកឧត្តម ក្នុងការរក្សាទំនាក់ទំនងឱ្យកាន់តែស្អិតរមួត ជំរុញទំនាក់ទំនងកងទ័ពទាំងពីរឱ្យមានភាពរីកចម្រើនថែមមួយកម្រិតទៀត។

លោក ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិនដែលបានអញ្ជើញមកអបអរសាទរជាពិសេស និងបានផ្ញើសេចក្តីនឹករឭកនិងការសួរសុខទុក្ខជូនដល់ឯកឧត្តម Li Shangfu។ លោកមានប្រសាសន៍ថា អនុព័ន្ធយោធាចិនគឺជាអនុព័ន្ធយោធាបរទេសដំបូងគេនៅកម្ពុជាក្រោយពេល លោកទទួលបានការតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងមិត្តភាពរវាងប្រទេសនិងយោធាទាំងពីរ។ ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិនដែលតែងផ្តល់ការគាំទ្រនិងជួយតាមគ្រប់រូបភាពទាំងនយោបាយ សេដ្ឋកិច្ច យោធា និងវិស័យផ្សេងៗទៀត លោកនឹងសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍វាសនារវាងកម្ពុជា-ចិន៕ 

ដោយ ៖ សហការី


ចែករំលែក៖