ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលជំនាញទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៥៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ០៦គ្រឿង និងរថយន្ត ៤៨គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ សីហានេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២០៨គ្រឿង ក្នុងនោះមានម៉ូតូ ៣០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៧៨គ្រឿង។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៦ សីហានេះដែរ បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៨នាក់ (របួសធ្ងន់ចំនួន ១៤នាក់)។ គិតត្រឹមរយៈពេល ២៦ថ្ងៃនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១១៩នាក់ របួស ៣៦០នាក់ (របួសធ្ងន់ ២២៦នាក់)៕
ដោយ៖សហការី