ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ ​៖​ នារីជនជាតិអ៉ីតាលីម្នាក់​ ចងកសម្លាប់ខ្លួន​ព្រោះតែស្រវឹងស្រា​រហូតបាត់បង់​ស្មារតី​

ចែករំលែក៖

ខេត្តកំពត៖​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ នៅល្ងាចថ្ងៃសៅរ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ នារី​ជនជាតិ​អ៉ីតាលីម្នាក់​ បាន​ធ្វើអត្តឃាតចងកសម្លាប់ខ្លួន​ ដោយសារតែគាត់មានសភាព​ស្រវឹងស្រា​ជោកជាំ​។ 

លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានគូសបញ្ជាក់ថា​ យោងតាម​រយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៅក្បែរកន្លែងកើតហេតុ​ កាលពីវេលាម៉ោងប្រហែលជិត៣​ ទៀបភ្លឺ​ថ្ងៃទី២៦ ខែសីហា បានឃើញស្ត្រីរូបនេះ​ ដើរសំដៅទៅបង្គោលដងទង់ជាតិ រួចឈរលើខឿន ហើយទាញខ្សែទាក់កលោតទម្លាក់ខ្លួនចុះតែម្តង។ 

គួរជម្រាបជូនថា​ មុនពេលកើតហេតុ​កាលពីព្រលឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ​ អ្នកដំណើរបានប្រទះឃើញសពស្ត្រីបរទេសម្នាក់​នេះ​ បានព្យួរ.កជាប់នឹងខ្សែចងទង់ជាតិនៅឆ្នេរព្រែកកំពង់បាយ​ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត បង្កឱ្យមានភាពភ្ញាក់ផ្អើលឡើង​ ខណៈប្រជាពលរដ្ឋមួយចំនួនសង្ស័យថាជាអំពើឃាតកម្មផងដែរ។ 

ដោយឡែក​មន្ត្រីនគរបាលការិយាល័យវិទ្យាសាស្ត្របច្ចេកទេស​ នៃស្នងការដ្ឋានខេត្តកំពត​ បានឱ្យដឹងថា សពនារីរងគ្រោះឈ្មោះ តូណែលី ជីយូលៀ ( TONELLI GIULIA) អាយុ ២៧ឆ្នាំ ជាជនជាតិអ៉ីតាលី កាន់លិខិតឆ្លងដែនលេខ8486712។

មន្រ្តីដដែលបន្តថា​ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែសីហានេះ​ កម្លាំងសមត្ថកិច្ចមូលដ្ឋាន​ បានទទួលសេចក្តីរាយការណ៍ពីអ្នកដំណើរអំពីការប្រទះឃើញសពស្រ្តីបរទេសព្យួរកនៅឆ្នេរព្រែកកំពង់បាយ។ ក្រោយទទួលដំណឹងនេះភ្លាម មន្ត្រីជំនាញបានចុះដល់គោលដៅ រួចដឹកសពទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីដំណើរការកោសល្យវិច័យ។

គួរបញ្ជាក់ថា​ យោង​តាម​ចម្លើយ​បំភ្លឺ​របស់មិត្តភក្តិជនរងគ្រោះ​ ជាស្រ្តីនិងជាជនជាតិ​បរទេស​ដូច​គ្នា​ បានរៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា៖​ មុនពេលកើតហេតុ​ ជនរងគ្រោះ​បានចូលរួមផឹកស៊ីក្នុងហាងជនបរទេសមួយក្បែរកន្លែងកើតហេតុ​ តាំងពីក្បាលព្រលប់រហូតដល់ម៉ោង១២កណ្តាលអធ្រាត្រទើបបែកគ្នា។ លុះព្រឹកឡើងស្រាប់តែមានគេប្រាប់ថា​ ជនរងគ្រោះ​បានស្លាប់ដោយចង.កធ្វើ​អត្តឃាត​ខ្លួនឯង​ ទើបធ្វើឱ្យនាងតក់ស្លុតយ៉ាងខ្លាំង។ 

ក្រោយកេីតហេតុ​ មន្ត្រីកោសល្យវិច័យ​ បានបញ្ជាក់ថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺការស្លាប់នេះជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន៕

ដោយ​៖ សហការី​


ចែករំលែក៖