ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។
រាជរដ្ឋាភិបាលសម្រេច :
ប្រការ១..ត្រូវបានបង្កើត អគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។
មាត្រា២ .. អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារ គ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាម ច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស ។
មាត្រា៣..អគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំដោយអគ្គនាយក ០១រូប និងមានអគ្គនាយករងមួយចំនួន ជាជំនួយ តាមការចាំបាច់ ។
មាត្រា៤ …ត្រូវបានផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃ អគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ។
មាត្រា៥ …អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធ ដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ
៣- នាយកដ្ឋានបុគ្គលិកមន្ដ្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ
៤- នាយកដ្ឋានគោលនយោបាយ ។
មាត្រា៦ ..តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះ ត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក។
មាត្រា៧ ..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៨ …រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា