រុស្សីបានវាយលុកអាកាសយានដ្ឋានក្នុងទីក្រុងគៀវ ដោយប្រមូលផ្តុំកងទ័ពចំនួន១សែននាក់ក្នុងទិសដៅ Kupiansk – Lyman ដើម្បីវាយប្រហារតំបន់នានាក្នុងខេត្ត Kharkiv និង Donetsk ។ អ៊ុយក្រែនបានបង្កើនការផលិតកាំជ្រួចនិងគ្រាប់កាំភ្លើងធំ ដោយបានទទួលស្គាល់ថាបានវាយប្រហារ UAV នៅរុស្ស៊ី។
ក្នុងពេលនេះដែរ ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងនៅក្បែរទីក្រុងមូស្គូ នៅព្រឹកព្រលឹមថ្ងៃចន្ទទី២៨ ខែសីហានេះ។
លោក សឺហ្គៃ សូប៊ីយ៉ានីន បានបញ្ជាក់ក្នុងសារបង្ហោះលើ Telegram ទៀតថា ផ្អែកលើព័ត៌មានបឋម មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនៅឡើយទេ។
រុស្ស៉ីបានរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនស្ទើរជារៀងរាល់ថ្ងៃនៅលើតំបន់របស់ខ្លួនមួយចំនួន ជាពិសេសគឺទីក្រុងមូស្គូ។ រុស្ស៉ីបានចោទប្រកាន់ថាការវាយប្រហារដោយយន្ដហោះដ្រូនគឺជាស្នាដៃរបស់អ៊ុយក្រែន រីឯទីក្រុងកៀវ មិនដែលទទួលស្គាល់ជាផ្លូវការឡើយ។ ប៉ុន្តែលោក ហ្សេលេនស្គីផ្ទាល់ធ្លាប់បានលើកឡើងថាសង្រ្គាមឈ្លាមពានរបស់លោក ពូទីន កំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញហើយ។
ចំណែក សហរដ្ឋអាមេរិកក៏តែងតែអះអាងជារឿយៗដែរថា ខ្លួនមិនគាំទ្រឬលើកទឹកចិត្តឱ្យអ៊ុយក្រែនបើកការវាយប្រហារលើទឹកដីរុស្ស៉ីនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ the new York times