ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនជាក់ស្ដែង ឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀនជាច្រើន។
ប្រភពដដែលបន្តថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ បានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១-ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។
៤-ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។
ដកហូតវត្ថុតាងរួមមានដូចជា ៖
-ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន ២៣ កញ្ចប់។
-ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀនចំនួន ២៩ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀនចំនួន ១៥ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀន ចំនួន ០៦ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន ចំនួន ២០ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន ចំនួន ១១ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀនចំនួន ១៣ កញ្ចប់
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ ដេីម្បីបន្ដនីតិវិធី ៕
ដោយ៖ សហការី