លោក Roberto Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺ២សប្តាហ៍បន្ទាប់ពីគាត់បានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលី។
គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានដឹកនាំប្រទេសអ៊ីតាលីឲ្យទទួលជ័យជម្នះនៅ Euro 2020 ដោយបានផ្តួលក្រុមអង់គ្លេសដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។
ក្រុមអ៊ីតាលីនេះបានជាប់កំណត់ត្រាពិភពលោក៣៧ប្រកួតមិនដែលចាញ់ ប៉ុន្តែមិនបានទទួលសិទ្ធិសម្រាប់ការប្រកួត World Cup កាលពីឆ្នាំ២០២២ទេ។ គាត់បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ហើយការប្រកួតដំបូងរបស់គាត់នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ទល់នឹងក្រុមកូស្តារីកានៅ St James’ Park។
លោក Mancini បាននិយាយថា “ខ្ញុំជឿថា នេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅអាស៊ី។វត្តមានរបស់កីឡាករកំពូលៗនៅក្នុង Saudi Pro League បង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើនក្នុងវិស័យបាល់ទាត់ជាតិ”។
ក្នុងការប្រកួត World Cup កាលពីឆ្នាំមុនក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Herve Renard ក្រុមអារ៉ាប៊ីសាអ៊ូឌីតបានធ្វើឱ្យម្ចាស់ជើងឯកអាហ្សង់ទីនមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានយកឈ្នះលទ្ធផល ២–១ ក្នុងប្រទេសកាតាក្នុងវគ្គជម្រុះតាមពូល ប៉ុន្តែនៅតែមិនអាចឆ្លងផុតពីវគ្គចែកពូលបាន។
លោក Mancini ធ្លាប់បានដឹកនាំក្រុមមេឃខៀវ Manchester City លើកពាន Premier League ជាលើកដំបូងរបស់ពួកគេកាលពីឆ្នាំ២០១២ ហើយថែមទាំងធ្លាប់បានដឹកនាំក្រុម Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ផងដែរ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)