មនុស្ស 3 នាក់បានស្លាប់ និង 5 នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកសំដៅលើកងកម្លាំងសន្តិសុខដែលកំពុងល្បាតនៅក្នុងស្រុក Yarang ខេត្ត Pattani ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃទី 28 ខែសីហា។
យោងតាមមន្ត្រីក្នុងតំបន់ ក្រុមបះបោរបានប្រើកាំភ្លើងវែង និងគ្រាប់បែកដៃ ដើម្បីវាយប្រហារកងកម្លាំងសន្តិសុខ ខណៈពេលដែលពួកគេកំពុងល្បាតនៅក្នុងតំបន់ជុំវិញទីស្នាក់ការរដ្ឋាភិបាលស្រុក Yarang ។ ប៉ូលិសម្នាក់និងអ្នកស្ម័គ្រចិត្តពីរនាក់ត្រូវបានសម្លាប់ ខណៈអ្នករបួសទាំងប្រាំនាក់ជាប៉ូលិស។
កាំភ្លើងវែងជាង១០០ដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ រួមជាមួយនឹងបំណែកគ្រាប់បែកដៃ។ អគារពីរជាន់ដែលស្ថិតនៅក្នុងបរិវេណទីស្នាក់ការរដ្ឋាភិបាលក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ បន្ថែមពីលើនេះ ក្រុមបះបោរក៏បានទម្លាក់គ្រាប់បែកលើបង្គោលភ្លើងចំនួនប្រាំនៅក្នុងទីតាំងក្បែរៗចំនួនបី ដែលនាំឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់។
មិនទាន់មានក្រុមឧទ្ទាមចេញមុខអះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ។ ការស៊ើបអង្កេត និងការស្វែងរកក្រុមបះបោរកំពុងត្រូវបានអនុវត្តជាបន្ទាន់ ខណៈដែលកម្លាំងសន្តិសុខត្រូវបានពង្រឹងនៅប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់។
ចាប់តាំងពីដើមឆ្នាំ 2023 មក រដ្ឋាភិបាលថៃបានបន្តដាក់ពង្រាយកងកម្លាំង មធ្យោបាយ និងដំណោះស្រាយជាច្រើនស្របគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍ មួយជំហានម្តងមួយៗ បង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមនៅតែបន្តបង្កឧប្បត្តិហេតុបំផ្លិចបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងទម្រង់ហិង្សា និងដ៍សាហាវ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នកាលពីថ្ងៃទី២៨ ខែសីហា បានស្នើឱ្យរដ្ឋាភិបាលថៃបន្តពន្យារភាពអាសន្ននៅក្នុងខេត្តចំនួន៣ភាគខាងត្បូងនៃប្រទេសថៃ រួមមានខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ រយៈពេល៣ខែទៀត ៕
ដោយ៖ ធីរីណា(រូបថត៖ VOV.VN)