ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកនៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមាន ភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិកជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗ ទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញ មូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជាបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព ៕
ដោយ ៖ សិលា