ភ្នំពេញ ៖ បើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ គឺលោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លនបក្ខពួក១១នាក់ទៀត ដែលបានសម្រុកចូលរំដោះមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប យកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការទទួលការជំនុំជម្រះទោសនៅពេលក្រោយតាមនីតិវិធីច្បាប់បានកំណត់។
ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក វង្ស សាវ៉ាត បានបញ្ចប់បើកការស៊ើបសួរ ហើយបានធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ក្រុមអ្នកពាក់ព័ន្ធទាំង១១នាក់ និងបានបន្តបញ្ជូនរឿង និងវត្ថុតាងទៅចៅក្រមស៊ើបសួរតាមនីតិវិធិ។
ការសម្រេចឃុំខ្លួនមេក្លោង និងបក្ខពួក១១នាក់ដែលសម្រុកចូលរំដោះមេឧក្រិដ្ឋជនគ្រឿងញៀនម្នាក់នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប របស់ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា បានធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ អ្នកនាំពាក្យតំណាងអយ្យការ លោក ប្លង់ សុផល កាលពីម្សិលមុិញបានបញ្ជាក់ថា ៖ សូមជូននូវព័ត៌មានពាក់ពន្ធ័នឹងករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប ដូចខាងក្រោម៖
ជនត្រូវចោទ ជាប់ពីបទ៖
១-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ,ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) ផ្តើម គំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ ,មាត្រា ៥៦៤, មាត្រា ២៨ ,មាត្រា ៤៩១ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
២-សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។
៣-សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ, រក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការ ត្រួត ពិនិត្យគ្រឿងញៀន
៤-សមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។
៥-បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ , ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែង សាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ , មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។
៦-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ
៧-កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ ។
សូមរម្លឹកថា ៖ មានខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកទោសដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនអ្នកទោសជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។
សូមជម្រាបថា ៖ ក្រុមឧក្រិដ្ឋជនទាំងនេះ បានរៀបចំការប្រព្រឹត្តមានអង្គការចាត់តាំង សុទ្ធតែជនល្មើសឆ្លងដែនប្រើលិខិតឆ្លងដែនអាមេរិក ។ ពួកគេរៀបផែនការមុខ ២ខែ ហើយមកដល់ស្រុកបាន២សប្តាហ៍ ក៏ធ្វើសកម្មភាព ដែលមានអ្នករៀបចំទិញកាំភ្លើងនៅស្រុកខ្មែរ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានសរសើរដល់សមត្ថកិច្ច ស្រាវជ្រាវដល់ចាប់ខ្លួន ក្រុមឧក្រិដ្ឋជនបាន៕
ដោយ ៖ សិលា