ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានឯកអគ្គរាជទូតកម្ពុជា ជូនដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សា ក្នុងប្រទេសជប៉ុនឱ្យចូលរួមគោរពច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ជូនដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សា ក្នុងប្រទេសជប៉ុនឱ្យចូលរួមគោរពច្បាប់ និងយន្តការផ្តល់សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញ ដោយស្ថានទូតកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុន មេត្តាជ្រាបថា កន្លងទៅថ្មីៗនេះស្ថានទូតបាន ទទួលព័ត៌មានតាមរយៈអង្គភាពប៉ូលីសជប៉ុនីនិងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណីប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួន មានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការ ដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។ល។

ចំពោះករណ៏ដូចខាងលើនេះ ស្ថានទូតសូមលើកទឹកចិត្តដល់បងប្អូន ធ្វើការពិចារណាឱ្យបាន ហ្មត់ចត់មុននឹងចូលរួម ឬប្រព្រឹត្តិនូវអំពើខុសច្បាប់ ដែលនាំមកនូវការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាស ការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ។ សូមបញ្ជាក់ជូនថា ក្នុងការបំពេញតួនាទី និងភារកិច្ចពេញលេញរបស់ខ្លួន ស្ថានទូតតែងផ្តល់សេវាគាំពារ និងទ្រទ្រង់ដល់ ផលប្រយោជន៍ការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ កម្មសិក្សាការី និងពលករជំនាញទាំងអស់នៅ ប្រទេសជប៉ុន ដោយមិនមានការរើសអើង ឬបែងចែកជាក្រុមបក្សពួកឡើយ ប៉ុន្តែស្ថានទូតមិនគាំទ្រ ជាដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។

ពាក់ព័ន្ធនឹងការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់របស់អតីតកម្មសិក្សាការីខ្មែរកន្លងមក ក៏មាន ពាក្យចចាមអារ៉ាមថា បណ្តាលមកពីពុំមានការដោះស្រាយបញ្ហាការងារពីសំណាក់ស្ថានទូត ក្នុងខណៈ ដែលស្ថានទូតតែងចាត់ទុកបញ្ហាការងារ និងការរស់នៅរបស់កម្មសិក្សាការី និងពលករជំនាញខ្មែរជា អាទិភាពចម្បង ដោយបានខិតខំសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព និង ទទួលបានជោគជ័យ។ លើសពីនេះ ការស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ ចំពោះមេខ្យល់បោកបញ្ឆោត កម្មសិក្សាការី ទៅធ្វើការខុសច្បាប់ និងចំពោះនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ ទៅធ្វើការនៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន គឺជាចំណុចសំខាន់ដែលស្ថានទូតតែងពិភាក្សាជាមួយ ក្រសួង ស្ថាប័នជប៉ុន កន្លងមក។

នៅក្នុងដំណើរការដោះស្រាយបញ្ហាការងារ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេស ជប៉ុន ស្ថានទូតស្នើសុំបងប្អូនសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពី “សៀវភៅសម្រាប់កម្មសិក្សាការី ហ្វឹកហ្វឺនជំនាញ” រៀបចំដោយអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ដែលបានសង្ខេបលំអិតពីសិទ្ធិ កាតព្វកិច្ច បែបបទការងារ នីតិវិធីដោះស្រាយការងារ អាស័យដ្ឋាន និងព័ត៌មានទំនាក់ ទំនង ក្នុងករណីដែលមានបញ្ហាការងារ ឬការរស់នៅជាយថាហេតុ។ ចំពោះកម្មសិក្សាការី និងពលករ ជំនាញខ្មែរ ដែលមានបញ្ហាការងារ អ្នកទាំងនោះ អាចធ្វើការប្រឹក្សាយោបល់ និងស្នើសុំអន្តរាគមន៍ពី សំណាក់ ៖

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន :

o Facebook Page : Royal Embassy of Cambodia in Japan (និងភាសាជប៉ុន)

អាស័យដ្ឋាន : 8-6-9 Akasaka, Minato-ku, Tokyo 107-0052 Tel,: 03-5412-8521 រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១៦:០០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការិយាល័យរកការងារឱ្យធ្វើនៅបរទេសទី ៣ : Tel.: +855-89-957-789

• Facebook: www.facebook.com/overseasplacement.Japanoffice

អង្គការ OTIT

Tel: 0120-250-366 រៀងរាល់ថៃ្ងព្រហស្បតិ៍ ចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១៩:០០

⚫ Website: www.support.otit.go.jp/soudan/kh/

ស្ថានទូតស្នើសុំកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការ និងអភិវឌ្ឍសមត្ថភាពជំនាញ ជាពិសេសកុំជឿ តាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។ ការខិតខំបំពេញការងារ និងចូលរួមអនុវត្តច្បាប់របស់បងប្អូន គឺជាការចូលរួមថែរក្សាកិត្តិយសប្រទេសជាតិ និងជាកត្តាជម្រុញលើកទឹកចិត្តដល់និយោជកជប៉ុនឱ្យធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរមកធ្វើការនៅ តាមរោងចក្រ-សហគ្រាសរបស់ខ្លួនឱ្យកាន់តែច្រើន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និង សិក្សាក្នុងប្រទេសជប៉ុន មានភាពកក់ក្ដៅ និងជឿទុកចិត្តមកលើយន្តការផ្តល់សេវាគាំពារ និងទ្រទ្រង់ ដែលផ្តល់ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៕

ដោយ ៖ សិលា


ចែករំលែក៖