ខេត្តព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ក្នុងពិធីនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាលពាក់ព័ន្ធ ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកជាអគ្គស្នងការរងនគរបាលជាតិ។
រំលងបានមួយថ្ងៃ ពោលនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ឲ្យទទួលជាស្នងការនគរបាលខេត្តព្រះសីហនុ៕
ដោយ៖ សហការី