ភ្នំពេញ៖ ក្នុងរយៈពេល០២ថ្ងៃគឺថ្ងៃទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌដង្កោ បានធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន រួចកសាងសំណុំរឿងបញ្ជនទៅកងរាជអាវុធហត្ថជំនាញរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ដោយមានបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌដង្កោបានចេញល្បាតនិងពួនស្ទាក់ក្នុងភូមិសាស្រ្ត រហូតដល់ម៉ោង០១និង១៥នាទីឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញបានជិះល្បាតដល់ត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់កំពុងជិះម៉ូតូ០២គ្រឿង ភ្លាមនោះកម្លាំងជំនាញក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញមានជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច(សង្ស័យជាសារធាតុញៀន)។
ជនសង្ស័យចំនួន ០៣នាក់រួមមាន៖ ទី១.ឈ្មោះ ចែម លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ប៊ុនថន វឌ្ឍនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ឈឺន សុឃីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកល្បែងអនឡាញ ស្នាក់នៅបន្ទប់ជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះវត្ថុតាងចាប់យក ៖
– ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច (សង្ស័យជាសារធាតុញៀន), ម៉ូតូចំនួន ០២គ្រឿង (១.ម៉ាក BeAT ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1JB-6267 , ២.ម៉ាកស្មាស់Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-3324), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង (១.ម៉ាកoppo ០១គ្រឿង , ២.ម៉ាកsamsung ០១គ្រឿង ៣.ម៉ាកNokai ០១គ្រឿង ) និងលុយចំនួន ៤០.០០០រៀល។
ក្រោយពីកម្លាំងជំនាញបានធ្វើការសួរនាំមក ជនសង្ស័យបានសារភាពថាខ្លួនទាំងបីនាក់ពិតជាបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន ។ លុះដល់វេលាម៉ោង១០និង៥១នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ ព្រមទាំងមានការចង្អុលបង្ហាញរបស់ជនសង្ស័យ កម្លាំងជំនាញយើងបានបន្តនីតិវិធីចុះដល់ចំណុចផ្ទះខ្ទម ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀតរួមមាន ៖ ទី១.ឈ្មោះ ឃុន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ស្រាង និមេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ ក្រាមពណ៌សថ្លាចំនួន ២១កញ្ចប់(ធំ០១ សង្ស័យជាសារធាតុញៀន), ម៉ូតូចំនួន០១គ្រឿងម៉ាក ស្មាស់V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2518 , ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកoppo) , ថង់ច្រកនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ