ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងនគរបាលប៉ុស្តិ៍ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានតាមស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ។
លោកស្នងការរងរូបនេះ បន្តថា ជនសង្ស័យ ០២នាក់នេះទី១; ឈ្មោះ ពុទ្ធ ធារ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ មុខរបរមិនពិតប្រាកដ និងទី២;ឈ្មោះ ស៊ុន ស៊ីម៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យទាំង២នាក់នេះ ក៏ជាប់ពាក់ព័ន្ធឆក់ជាក់ស្តែងនៅស្រុកកៀនស្វាយ ១ករណីផងដែរ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួច (ម៉ូតូ) នៅមុខផ្ទះគ្មានលេខ ផ្លូវ ១១០ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។
ចំណែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១CL-១៣៤៧ (និងផ្លាកលេខក្លែងក្លាយ ភ្នំពេញ ១P-០៥៤៩) ម៉ូតូជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីចាត់ការបន្ត៕
ដោយ៖ សហការី