ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្មេងទំនើងជិះម៉ូតូបង្កហិង្សាតាមផ្លូវសាធារណ:ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្សពួក ០៦ នាក់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ លើដងផ្លូវសាធារណៈនៅទីប្រជុំជន ។

    លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

    គួរបញ្ជាក់ថា នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទី មានករណីហិង្សាដោយចេតនាមួយ បង្កឡើងដោយក្រុមក្មេងស្ទាវចំនួន០២ក្រុម មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមកប្រដាប់ដោយដុំថ្មនិងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ បន្ទាប់ពីធ្វើសកម្មភាពរួចពួកគេក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុបាត់អស់ទៅ។ 

    នៅចំពោះមុខសមត្ថកិច្ចដែលសួរនាំ ឈ្មោះ សួរ គឹមសៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពនៅចំណុចកើតហេតុនោះប្រាកដមែន។ ចំណែកបក្សពួករបស់គេមានគ្នា៦នាក់កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាពគប់ទៅលើក្រុមម្ខាងទៀត) និងក្រុមម្ខាងទៀតកំពុងគេចខ្លួនផងដែរ។

    បច្ចុប្បន្នកម្លាំងនគរបាលផែនព្រហ្មទណ្ឌបាននិងកំពុងបន្តការស្រាវជ្រាវស្វែងរកពួកជនសង្ស័យដែលកំពុងរត់គេចខ្លួន។ រីឯជនសង្ស័យឈ្មោះ សួរ គឹមសៀន កម្លាំងនគរបាលការិយាល័យកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖