ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ បើកល្បឿនលឿន (ផ្លូវកោង) ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ រួចបោកផ្ទុបទៅបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៧នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដឹកអ្នកដំណើរមួយគ្រឿង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយគ្រាដំបូង ត្រូវបានគេបង្ហោះ វីដេអូ ព្រោងព្រាត ជាមួយការ អាណិត អាសូរដល់ជនរងគ្រោះ ។

សូមបញ្ជាក់ថា ៖ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចផ្លូវកោង ក៏រអិលក្រឡាប់ទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្សចំនួន៧នាក់។ 

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី នូវ តាល់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀងរលឹម មានរថយន្ដម៉ាក TOYOTA ហាយយ៉ាស មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8834 បានដឹកអ្នកដំណើរ ដោយបើកបររថយន្ត ពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ រួចបោកផ្ទុបទៅបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស០៧នាក់ រួមមាន៖

ទី១៖ ឈ្មោះ លីវ ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)

ទី២៖ ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)

ទី៣៖ ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសធ្ងន់)

ទី៤៖ ឈ្មោះ គឹម ផាត់ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង (រងរបួសធ្ងន់)

ទី៥៖ ឈ្មោះ នឿន ស្រីណាក់ ភេទស្រី រស់នៅភូមិឈ្នួលកោង (រងរបួសធ្ងន់)

ទី៦៖ ឈ្មោះ អ៊ុល វាសនា ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) ពេលបញ្ចូនដល់មន្ទីរពេទ្យ

ទី៧៖ ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល)

ទី៨៖ ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។

លោកស្នងការរង បានបន្តថា ៖ ក្រោយពេលកើតហេតុ គេឃើញមានវត្តមានរបស់លោកអភិបាល នៃគណះអភិបាលខេត្ត ខូយ រីដា បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះភ្លាមៗ ដោយអ្នករបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដោយឡែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបរត្រូវបានរត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗ តាំងពីហេតុការណ៍នេះកើតភ្លាម រត់ចេញតែម្តង។ 

សូមរម្លឹកថា ៖ ស្ថានភាពគ្រោះថ្នាក់ចរាចណ៍ ដែលគេបង្ហោះប្រមាណជាង២នាទី ឃើញថា មានបងប្អូនប្រជាពលរដ្ឋច្រើនណាស់ បានជួយលើកឡើង ដើម្បីសង្គ្រោះ អ្នកជាប់គាបក្នុងឡាន បង្ហាញថា ប្រជាពលរដ្ឋខ្មែរ ចេះជួយគ្នា ស្រឡាញ់គ្នា ប្រកបដោយ ការសាមគ្គីបំផុត ៕ 

ដោយ ៖ បុឹម ពិន


ចែករំលែក៖