ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាក Suzuki Let មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលថ្មហាងកាត់សក់ពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុភ្លាមៗ ក៏មានរថយន្តគ្លីនិកឯកជន គង្គា បានមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរនោះយកទៅបាត់ ដោយប្រជាពលរដ្ឋនឹកស្មានថា ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋ ដែលមានឧបករណ៍សង្រ្គោះគ្រប់គ្រាន់ បែរជារថយន្តខាងលេីដឹកយកទៅកាន់មន្ទីរពេទ្យរបស់ខ្លួនទៅវិញ។ លុះដឹកអ្នករបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរបស់ខ្លួនបានរយៈពេលប្រហែលជិតមួយម៉ោងអ្នកជំងឺកាន់តែធ្ងន់ធ្ងរទេីបរថយន្តមន្ទីរពេទ្យឯកជនខាងលើនេះប្រញាប់ប្រញាល់លេីកអ្នកជំងឺដឹកចេញយកទៅក្រៅបាត់មិនដឹងយកទៅណា។
គួរបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមិនអនុញ្ញាតឱ្យរថយន្តគ្លីនិកឯកជនមួយណាចេញដឹកអ្នករបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនោះទេ។ តែផ្ទុយទៅវិញរថយន្តគ្លីនិកឯកជន គង្គា នៅតែបន្តចេញដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយ៉ាងអនាធិបតេយ្យដដែល។
ជាមួយគ្នានោះ មហាជនរង់ចាំមើលថា តើក្រសួងសុខាភិបាលនឹងមានវិធានការ ឬចំណាត់ការយ៉ាងណាទៅលើមន្ទីរពេទ្យឯកជន គង្គា មួយនេះ៕
ដោយ ៖ ភារ៉ា ដង្កោ