ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៥០គ្រាប់ ត្រូវបានរកឃើញនៅសង្កាត់អូរចារក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងនៅល្ងាចថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៣នេះថា,ក្រុមការងារនៃរដ្ឋបាលសង្កាត់អូរចារបានដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូ និងធ្វេីផ្លូវជូនប្រជាពលរដ្ឋក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៩គ្រាប់ ស្ថិតនៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះបានប្រទះឃើញរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២និងថ្ងៃ៣ ខែកញ្ញាឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុន លឿង ជ័រ ដាក់គ្រឿងចក្រចុះកាយរៀបចំដាក់ប្រព័ន្ធលូ និងបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំង៤៩គ្រាប់ក្នុងនោះមាន ប្រភេទក្បាលគ្រាប់រ៉ុក្កែត , ប្រភេទក្បាលគ្រាប់130 , ប្រភេទក្បាលគ្រាប់DK75 , ប្រភេទក្បាលគ្រាប់85 , ប្រភេទក្បាលគ្រាប់ផ្លោង105 , និងប្រភេទក្បាលបំបែក105 ផងដែរ បន្ទាប់មកបានប្រគល់ឱ្យខាងមន្ត្រីជំនាញស៊ីម៉ាក់យកទៅរក្សាទុក និងផ្អាកក្រុមការងារជាងបណ្តោះអាសន្នដើម្បីរង់ចាំកម្លាំងស៊ីម៉ាកមកពិនិត្យរាវរកគ្រាប់ដែលនៅសេសសល់ជាច្រើនទៀតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖