នៅថ្ងៃទី៣ ខែកញ្ញា អេស្ប៉ាញ បានប្រកាសអាសន្នកម្រិតក្រហមពីកម្រិតគ្រោះថ្នាក់ស្តីពីភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋធានី ម៉ាឌ្រីដ និងតំបន់ជាច្រើននៅភាគខាងត្បូង ប្រទេសនេះ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ខ្សែរថភ្លើងក្រោមដីមួយចំនួនក្នុងទីក្រុងម៉ាឌ្រីដ និងរថភ្លើងល្បឿនលឿនតភ្ជាប់ទៅកាន់ទីក្រុងភាគខាងត្បូង ត្រូវបានបិទនៅព្រឹកថ្ងៃចន្ទនេះ ហើយបុរសពីរនាក់បានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគកណ្តាលប្រទេសអេស្ប៉ាញ។
លោក ហ្សាវីយ៉េ ឈីវីតេ (Javier Chivite) អ្នកនាំពាក្យនៃទីភ្នាក់ងារសង្គ្រោះបន្ទាន់ប្រចាំតំបន់បានឱ្យដឹងថា ពេញមួយយប់ ក្រុមសង្គ្រោះបានធ្វើប្រតិបត្តិការមានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុជិត ១,២០០ករណី ហើយអ្នកពន្លត់អគ្គិភ័យនិងប៉ូលិសកំពុងស្វែងរកបុរសបាត់ខ្លួនពីរនាក់ ក្នុងតំបន់ជនបទនៃសហគមន៍អាល់ឌែ ដែល ហ្រ្វេស្នូ (Aldea del Fresno) ស្ថិតនៅភាគនិរតីទីក្រុងម៉ាឌ្រីដ។
ខ្សែរថភ្លើងក្រោមដីជាច្រើននៅកណ្តាលទីក្រុង Madrid ត្រូវបិទជាបណ្តោះអាសន្ននៅព្រឹកថ្ងៃចន្ទនេះ។ ចំណែកផ្លូវល្បឿនលឿនតភ្ជាប់រវាងទីក្រុងម៉ាឌ្រីដ ទៅកាន់តំបន់អាន់ដាលូសៀ (Andalusia) នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានចាប់ផ្តើមឡើងវិញនៅល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ប៉ុន្តែសេវាកម្មរថភ្លើងដំណើរតិចជាងធម្មតា។
ភ្លៀងនៅតែបន្តធ្លាក់លើតំបន់ភាគច្រើននៃប្រទេសអេស្ប៉ាញ ប៉ុន្តែនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារឧតុនិយមជាតិបានបន្ទាបកម្រិតប្រកាសអាសន្ន ពណ៌ទឹកក្រូច ទៅជាពណ៌លឿង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters