គ្រូបង្វឹកប្រដាល់លោក Brian Bomac McIntyre ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីបានរកឃើញកាំភ្លើងនៅក្នុងវ៉ាលីនៅឯអាកាសយានដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស។ លោក McIntyre វ័យ៥៣ឆ្នាំបានហ្វឹកហាត់កីឡាករ Chris Eubank Jr សម្រាប់ការប្រកួតឡើងវិញរបស់អង់គ្លេសជាមួយកីឡាករ Liam Smith។
គាត់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះកាលពីថ្ងៃអាទិត្យ ខណៈគាត់ត្រៀមឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ លោក McIntyre ត្រូវបានចៅក្រមឃុំខ្លួននៅថ្ងៃចន្ទ ហើយត្រូវបង្ហាញខ្លួននៅតុលាការ Manchester Crown នៅខែក្រោយ។
ប៉ូលីស Greater Manchester (GMP) បាននិយាយថា “មន្រ្តីត្រូវបានគេហៅឱ្យរាយការណ៍អំពីអាវុធដែលអាចត្រូវបានរកឃើញនៅក្នុងឥវ៉ាន់ដែលត្រួតពិនិត្យដោយបុគ្គលិកព្រលានយន្តហោះនៅអាកាសយានដ្ឋានទីក្រុង Manchester។ មន្ត្រី GMP បានចូលរួម ហើយអាវុធត្រូវបានរឹបអូសតែម្តង”។
ប៉ូលិសបន្តថា “ក្រោយមក បុរសអាយុ៥៣ឆ្នាំម្នាក់ត្រូវចាប់ខ្លួនពីបទកាន់កាប់អាវុធហើយត្រូវបាននាំទៅឃុំខ្លួនដើម្បីធ្វើការសាកសួរបន្ថែម”។លោក Brian McIntyre មកពីសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធ និងកាន់កាប់គ្រាប់រំសេវដោយគ្មានលិខិតបញ្ជាក់។ លោក McIntyre ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីចូលរួមក្នុងតុលាការ Stockport Magistrates កាលពីថ្ងៃចន្ទ។ ប៉ូលីសអះអាងថា គាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការ Manchester Crown នៅថ្ងៃចន្ទ ទី៩ ខែតុលាខាងមុខ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែលជាង១០ព្រឹកកាលពីថ្ងៃអាទិត្យម៉ោងនៅអង់គ្លេស ខណៈដែលលោក McIntyre កំពុងរៀបចំឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បន្ទាប់ពីជ័យជម្នះនៃការប្រកត TKO ជុំទី១០របស់ Eubank ដែលមានអាយុ៣៣ឆ្នាំយកឈ្នះកីឡាករ Smith នៅសង្វៀន Manchester Arena។
អតីតកីឡាករអាមេរិកលោក McIntyre ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកប្រដាល់ដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយទទួលខុសត្រូវក្នុងការដឹកនាំ Terence Crawford ទៅកាន់ភាពអស្ចារ្យ ដោយជួយកីឡាករសញ្ជាតិរបស់គាត់ឱ្យក្លាយជាម្ចាស់ជើងឯកពិភពលោកទម្ងន់២សម័យដំបូងគេក្នុងយុគសម័យខ្សែក្រវាត់ចំនួន៤នៅពេលដែលគាត់បានផ្តួល Errol Spence Jr.។ លោកត្រូវបានវាយតម្លៃ និងជាប់ឈ្មោះជា គ្រូបង្គោលប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)