ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាច្រើននាក់បានផ្ទុះការតវ៉ា ដោយសារការប៉ះពាល់ពីទីតាំងរោងចក្រផលិតទឹកកក ដោយស្នើសុំឱ្យអាជ្ញាធរបិទរោងចក្រនោះ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទីតាំងរោងចក្រផលិតទឹកកកដែលបានធ្លាយឧស្ម័នបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២៩នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនោះ ឥឡូវនេះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់និងរងគ្រោះដោយសាររោងចក្រនោះ បានប្រមូលផ្តុំគ្នាទៅកាន់ទីតាំងខាងមុខរោងចក្រ ហើយធ្វើការតវ៉ាស្នើសុំទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបិទរោងចក្រនេះឈប់ឱ្យធ្វើអាជីវកម្ម ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋលើកក្រោយទៀត។

    តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែររោងចក្រដែលបង្កផលប៉ះពាល់កាលពីយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះគឺពួកគាត់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព ហើយសត្វចិញ្ជឹម ដំណាំ បន្លែ ព្រៃឈើ ជុំវិញផ្ទះគាត់ គឺត្រូវបានងាប់ ដោយសារតែវិទ្យុសកម្មនៃការធ្លាយឧស្ម័នអាម៉ូញ៉ាកនៃរោងចក្រផលិតទឹកកកនេះ។

    តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំង ទី១ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឱ្យមានជាលើកទី២ឡើយ។ ទី២ក្នុងករណីមានជាលើកទី២ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅដាច់ត្រយាល មិនឱ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋឡើយ។ ទី៣ ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។

    គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មនុស្សប្រុសស្រីចំនួន២៩នាក់ ខ្លះដួលសន្លប់ ខ្លះទៀតថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   បច្ចុប្បន្នចំពោះទីតាំងរោងចក្រផលិតទឹកកកនេះត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវផ្អាកអាជីវកម្មបណ្ដោះអាសន្នសិនផងដែរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖