ខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony ត្រូវបានប្រេស៊ីលដកឈ្មោះចេញក្រោយពីទទួលរងការចោទប្រកាន់ថា បានរំលោភបំពានលើរាងកាយដោយអតីតមិត្តស្រីរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ឆ្លើយតបបញ្ហានេះសហព័ន្ធបាល់ទាត់ប្រេស៊ីលបានលើកឡើងថា អតីតកីឡាករ Ajax វ័យ២៣ឆ្នាំ ត្រូវបានដកចេញមុនពេលការពិតត្រូវបង្ហាញជាសាធារណៈក្រោយពីមានការស៊ើបអង្កេតច្បាស់លាស់ដោយមន្រ្តីជំនាញ។ប៉ូលិសនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និង Manchester កំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់នេះ ខណៈសាមីខ្លួនបានបដិសេធ។
Antony បានឆ្លើយតបនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា“ការចោទប្រកាន់នេះមិនពិតទេ ហើយភស្តុតាងដែលមានស្រាប់ និងកំពុងស្វែងរកផ្សេងទៀត ហើយខ្ញុំជឿជាក់ថាការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្តនឹងបង្ហាញការពិតអំពីភាពគ្មានកំហុសរបស់ខ្ញុំ” ។
នៅក្នុងពាក្យបណ្តឹងបានសរសេរថា Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួនគឺនាង Gabriela Cavallin បានប្រើអំពើហិង្សាវាយក្បាលរបស់នាងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនាទីក្រុង Manchester កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅដែលធ្វើឱ្យនាងរងរបួសក្បាល ហើយបានទទួលការព្យាបាលពីវេជ្ជបណ្ឌិត។ នាង Cavallin អះអាងថា Antony មិនត្រឹមតែវាយប្រហារលើក្បាលនោះទេ ថែមទាំងដាល់ចំដើមទ្រូងបណ្តាលឱ្យខូចខាតសុដន់របស់នាងដែលផ្សំឡើងពីសារជាតិស៊ីលីខូន ដូច្នេះត្រូវទាមទារឱ្យធ្វើការវះកាត់កែសម្ជស្សឡើងវិញផងដែរ។
នេះជារឿងមួយថ្មីទៀត បន្ទាប់ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងគ្នាទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល៦ខែលើការចោទប្រកាន់ប្រឆាំងនឹង Greenwood លើការប្រើអំពើហិង្សានិងការរំលោភសេពសន្ថវៈលើមិត្តស្រីដែលបានកើតឡើងក្នុងខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្នកីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានក្លិប Getafe របស់អេស្ប៉ាញខ្ចីជើង១រដូវកាលកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា អវត្តមានរបស់ Antony ត្រូវបានប្តូរជំនួសមកវិញដោយខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ខាងមុខរបស់ក្រុមជើងឯក World Cup ៥សម័យប្រេស៊ីល ដោយត្រូវប៉ះជាមួយនឹងក្រុមបូលីវី និងប៉េរូ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)