ប្រទេសឥណ្ឌូនេស៊ី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជាវិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះជាឧទាហរណ៍ស្រាប់។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
សូមបញ្ជាក់ថា : បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។
ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដល់តំបន់ទាំងមូល៕
ដោយ ៖ សហការី