ខេត្តស្វាយរៀង៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោក ប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួស លោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។
លោក អភិសន្តិបណ្ឌិតស សុខា ក៏បានថ្លែងកោតសរសើរដល់លោកម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំនិងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។
បន្ថែមលើសពេលនេះ លោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
លោកអភិសន្តិបណ្ឌិតបានបន្តថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្ត បន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពូតដៃគ្នាដើម្បីអភិវឌ្ឍខេត្តស្វាយរៀងឲ្យកាន់តែរីកចម្រើននៅថែមទៀត។ព្រមទាំងលើកកម្ពស់ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន និងសហប្រតិបត្តិការជាមួយប្រទេសជិតខាងឲ្យបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព ៕
ដោយ៖ សុថាន