ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង មកផ្តួលចោលលើស្ពានជ្រោយចង្វារ ហើយ តោងបង្កាន់ដៃស្ពានទៅឈរនៅខាងក្រៅដោយអះអាងថា ធ្វើជាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ដើម្បីអោយមានការផ្សព្វផ្សាយ អោយសមត្ថកិច្ច ដឹងឮ និងជួយរកយុត្តិធម៌បន្ទាប់ពី រូបគាត់បានចាញ់បោកម្ចាស់កសិដ្ឋាន ចិញ្ចឹមទាមួយកន្លែងនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានគេប្តឹងចោទប្រកាន់ថា រត់ចោលកន្លែងនិងលួចយកម៉ូតូ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៤០នាទីព្រឹកថ្ងៃទី០៧ខែ កញ្ញា ឆ្នាំ ២០២៣ នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែល អះអាងថា ចាញ់បោកគេ នោះឈ្មោះ ជា លឹមហាវ អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរូបនោះ បានជិះម៉ូតូ ម៉ាក វ៉េវ មួយគ្រឿង បានធ្វើដំណើរ ឡើងស្ពានពីទិសខាងលិចទៅកើត។នៅពេល ឡើងស្ពានបានបន្តិច ក៏បានឈប់ហើយផ្តួលម៉ូតូចោល ទៅតោងបង្កាន់ដៃស្ពានទៅឈរខាងក្រៅប៉ងលោតទឹកសម្លាប់ខ្លួន។
តាមព័ត៌មានបានអោយដឹងថា ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច ក៏បាននាំគ្នា ឃាត់កុំអោយគិតខ្លី ។អ្វី ដែលធ្វើអោយមានការចាប់អារម្មណ៍និងហួសចិត្តបុរសរូបនោះបានប្រាប់ថា ខ្លួនគ្មានបំណងមកលោតសម្លាប់ខ្លួននោះទេ គឺ មកធ្វើជាលោតទឹក ដើម្បី អោយមានការផ្សព្វផ្សាយ និងអោយសមត្ថកិច្ច ដឹងឮនិងជួយរកយុត្តធម៌ ដែលម្ចាស់កសិដ្ឋានមួយកន្លែងបោកប្រាស់គាត់។
តាមបុរសរូបនោះបានអោយដឹងទៀតថា ខ្លួន ត្រូវបានឈ្មោះ ធា ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា និងត្រីនៅក្នុងភូមិ សំបួរឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺបានណែនាំ អោយគាត់ចូលហ៊ុនគ្នា ដោយអោយជួយជាកម្លាំងមើលការខុសត្រូវចិញ្ចឹមទា ដោយសន្យាថា ពេលចំណេញអោយ៣៥ភាគរយ ។បន្ទាប់ពី ជួយចិញ្ចឹមទា បានប្រមាណ៧ខែ និងចាប់ទាលក់២លើកហើយ តែម្ចាស់កសិដ្ឋាន ពុំបានចែកប្រាក់ចំណេញតាមការសន្យា មិនតែប៉ុណ្ណោះ ក៏បានយករថយន្តម៉ាកស្តារិច មួយគ្រឿងរបស់គាត់ទៅបញ្ចាំថែមទាំងរករឿងដេញចេញពីកសិដ្ឋានទៀត។បុរសរូបនោះក៏បាន អោយដឹងទៀតថា នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ ២០២៣ ម្ចាស់កសិដ្ឋាន ក៏បានអោយកម្មករទៅគប់ដុំថ្មគំរាមនៅកន្លែងស្នាក់ជាហេតុធ្វើអោយគាត់ភ័យ ហើយក៏បានយកម៉ូតូម៉ាកវ៉េវ របស់ម្ចាស់កសិដ្ឋាន ជិះគេចខ្លួនហើយត្រូវម្ចាស់កសិដ្ឋាន ប្តឹងចោទប្រកាន់ថា បានលួចម៉ូតូនិងរត់ចោលទីតាំងទៀត។បន្ទាប់ពី ជិះម៉ូតូគេចខ្លួនក៏បានទៅប្តឹងអាជ្ញាធរ ឃុំច្បារមន និងមកប្តឹងអាជ្ញាធរសង្កាត់ច្រាំងចំរេះទី២ ដោយអះអាងថា ខ្លួនពុំបានលួចម៉ូតូនោះទេ តែពុំមានការដោះស្រាយ ក៏ ជិះម៉ូតូមកស្ពានជ្រោយចង្វាធ្វើជាលោតទឹកដើម្បី អោយសមត្ថកិច្ច ដឹងឮជួយរកយុត្តិធម៌ ៕
ដោយ ៖ រ៉ារ៉ា