ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញក្រុមក្មេងទំនើងចំនួន១៦នាក់ ស្រី០១នាក់ ដែលបង្កអសន្តិសុខក្នុងសង្គម ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង ០២និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យមុខកន្លែងស្រាក្រឡុកស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីហឹង្សាទៅវិញទៅមកមានខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្មបង្កដោយក្រុមក្មេងទំនើង០២ក្រុមធ្វើឲ្យខូចខាតម៉ូតូ ដោយក្រុមទី០១មានគ្នា០៤នាក់ (ជាបុគ្គលិកលក់ស៊ុបពីររសជាតិ) ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រដាប់ដោយកាំបិតចំនួន០២ដើម ជិះម៉ូតូ០២គ្រឿង។ ក្រុមទី០២មានគ្នីគ្នាចំនួន១៣នាក់ ស្រី០១នាក់ ម៉ូតូ០៣គ្រឿង ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការសម្របសម្រួលពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុម បានជាបន្តបន្ទាប់១២នាក់ ស្រី០១នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន០៤នាក់ សរុបចំនួន១៦នាក់ ។
លោកអធិការបានបន្តថា តាមការសាកសួរចម្លើយ រឿងរ៉ាវដែលបង្កឲ្យកើតមានហិង្សានេះ គឺដោយសារតែក្រុមទី២ បង្កហេតុមុនទើបក្រុមទី១ ទៅហៅគ្នីគ្នាមានកាន់ដាវមកដេញកាប់ក្រុមទី២ បណ្តាលឲ្យរងរបួស០១នាក់ ត្រង់ត្រចៀកខាងឆ្វេង និងខ្នងស្រាល បន្ទាប់មកក្រុមទី២ ប្រដាប់ដោយកាំបិតតាំងតោ កាំបិតខ្វែវ ដុំថ្ម ដបស្រា កៅអីជ័រ ដេញកាប់ និងគប់ទៅលើក្រុមទី១វិញ ធ្វើក្រុមទី១រត់ចោលម៉ូតូ០១គ្រឿង ក៏ត្រូវក្រុមទី២កាប់ឲ្យខូចផងដែរ ៕
ដោយ ៖ សហការី