សារព័ត៌មាន Associated Press និង CNN ដែលដកស្រង់ពីក្រសួងមហាផ្ទៃម៉ារ៉ុកបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសនេះកាលពីល្ងាចថ្ងៃទី 8 ខែកញ្ញា (ម៉ោងក្នុងស្រុក) បានសម្លាប់មនុស្សយ៉ាងហោចណាស់ 296នាក់ និងរបួស153នាក់ផ្សេងទៀត។
អគារជាច្រើននៅក្នុងទីក្រុងធំៗត្រូវបានខូចខាត ប្រជាជនដែលភ័យស្លន់ស្លោបានប្រញាប់ប្រញាល់ទៅតាមផ្លូវចាប់ពីរដ្ឋធានី Rabat ទៅទីក្រុង Marrakech ដែលជាកន្លែងមានការរញ្ជួយដីយ៉ាងខ្លាំង។
កងកម្លាំងប្រដាប់អាវុធម៉ារ៉ុក បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយដី។ អ្នកស្រុកនៅក្នុងទីក្រុង Marrakech ដែលជាទីក្រុងធំជាងគេនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបាននិយាយថា អគារជាច្រើនបានដួលរលំនៅក្នុងទីក្រុងបុរាណដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ទូរទស្សន៍ក្នុងស្រុកក៏បានបង្ហាញពីរូបភាពនៃវិហារអ៊ិស្លាមដែលដួលរលំ ហើយឥដ្ឋនិងថ្មបានធ្លាក់មកលើរថយន្តនៅក្បែរនោះបណ្តាលឱ្យខូចខាត។ រូបភាពផ្សេងទៀតបានបង្ហាញពីមនុស្សដែលមានការភ័យស្លន់ស្លោរត់ចេញពីផ្សារទំនើប ភោជនីយដ្ឋាន និងអគារផ្ទះល្វែង ហើយប្រមូលផ្តុំគ្នាជាហ្វូងមនុស្សយ៉ាងច្រើននៅខាងក្រៅ។
ការរញ្ជួយដីបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង 11 យប់ម៉ោងក្នុងស្រុកក្នុងជម្រៅ 18.5 គីឡូម៉ែត្រ ចំណុចកណ្តាលនៅលើភ្នំ High Atlas ស្ថិតនៅចម្ងាយប្រហែល 72 គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Marrakech ដែលជាទីក្រុងមានមនុស្សរស់នៅប្រហែល 840,000 នាក់ និងជាទីតាំងភូមិសាស្ត្រគោលដៅទេសចរណ៍ដ៏ល្បីល្បាញ៕
ដោយ៖ ធីរីណា(រូបថត៖ AP)