ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយអង្គភាពយើងដឹងនៅរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣នេះថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំណុចបោកអណ្តើកនិងចំណុចអូរជ្រៅស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាលទ្ធផលសមត្ថកិច្ចរឹបអូសនិងកាប់បំផ្លាញចោលនូវសាច់មងប្រវែង៨០០ម៉ែត្រ បង្គោលឈេីប្រេីប្រាស់ជាឧបករណ៍ល្មេីសចំនួន២៨០ដើម ឡុកចាប់ត្រីចំនួន៤ឡុក និងលែងត្រីចូលទៅក្នុងបឹងធម្មជាតិវិញមួយចំនួនផងដែរ។ របាយការដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងក្នុងអង្គភាពនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់រួមសហការជាមួយកម្លាំងនគរបាលក្នុងផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច រួមនឹងកម្លាំងកងយោធពលខេមរភូមិន្ទនៃយោធភូមិភាគទី៥ប្រចាំទិសបានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នារដូវបិទនេសាទ។
ក្រោយការបង្ក្រាបចំពោះសម្ភារទាំងអស់នេះត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែង រីឯអ្នកប្រព្រឹត្តល្មេីសសមត្ថកិច្ចកំពុងស្វែងរកកំណត់មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា